យោងតាមសម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមសហភាពអឺរ៉ុប នឹងបន្តការប្ដេជ្ញាចិត្ត ធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ក៏ដូចជាប្រឆាំងនឹងលទ្ធិគាំពារនិយមផងដែរ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ការធ្វើការរួមគ្នាជាមួយប្រទេសចិន គឺដើម្បីធានាបាននូវផលប្រយោជន៍ទាំងសងខាង ក៏ដូចជាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងសហភាពអឺរ៉ុប។
បន្ថែមពីនោះ លោកស្រី Mao ក៏បានអះអាងទៀតថា ប្រទេសចិននឹងបន្តជំរុញការបើកទូលាយកម្រិតខ្ពស់ និងផ្តល់នូវបរិយាកាសអាជីវកម្មបើកចំហ រួមបញ្ចូល និងតម្លាភាពសម្រាប់សហគ្រាសមកពីគ្រប់ប្រទេសទាំងអស់។
គួររំលឹកបន្តិចថា មួយរយៈចុងក្រោយទាំងប្រទេសចិន និងសហភាពអឺរ៉ុប ហាក់កំពុងព្យាយាមផ្សះផ្សារទំនាក់ទំនងទ្វេភាគីវិញ ក្រោយមានភាពរកាំរកូសជាមួយគ្នា ពោលសហភាពអឺរ៉ុបធ្លាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើទំនិញនាំចូលរបស់ចិន ស្របពេលចិនក៏ធ្លាប់ធ្វើបែបនេះ ដាក់លើសមាជិក EU មួយចំនួនដូចគ្នា៕