កាលពីថ្ងៃទី០៤ ខែឧសភា ប្រទេសតួកគី ដែលជាសមាជិកអង្គការណាតូ បានបង្ហើបពីគោលបំណង ចង់ចូលរួមជាមួយក្រុម BRICS ដែលជាអង្គការអន្តររដ្ឋាភិបាល បង្កើតឡើងដោយប្រទេសចិន រុស្ស៊ី ឥណ្ឌា និងប្រេស៊ីល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការប្រកាសរបស់ប្រទេសតួកគី អាចនិយាយបានថា បង្ហាញពីការអាក់អន់ស្រពន់ចិត្ត ដ្បិតពួកគេបានដាក់ពាក្យស្នើសុំ ចូលជាសមាជិកនៃសហភាពអឺរ៉ុបជាយូរណាស់មកហើយ ក៏ប៉ុន្តែមិនដែលទទួលបានសិទ្ធពេញលេញនោះទេ បើទោះជាពួកគេជាសមាជិកអង្គការណាតូក្ដី។
ជាមួយគ្នា ក្រោយទទួលបានដំណឹងមួយនេះ វិមានក្រឹមឡាំងក៏បានអះអាងទៀតថា ពួកគេស្វាគមន៍វត្តមានរបស់ប្រទេសតួកគី បើសិនជាមានបំណងចង់ចូលរួមជាមួយ BRICS ខណៈបើសិនជាតួកគីពិតជាចូលរួមមែន នោះពួកគេនឹងក្លាយជាសមាជិកណាតូដំបូងបង្អស់ ដែលមានវត្តមាននៅក្នុងអង្គការ BRICS។
សូមជម្រាបបន្ថែមថា បច្ចុប្បន្ននេះ BRICS គឺកំពុងមានឥទ្ធិពលខ្លាំងនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ដោយមានសមាជិកដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម ហើយថ្មីៗនេះប្រទេសថៃ ក៏បង្ហាញការចាប់អារម្មណ៍ ចង់ចូលរួមជាមួយ BRICS ដូចគ្នា៕