អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនកុមារកំព្រា តាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League 2024 នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។
ក្នុងពិធីចុះ MOU នោះដែរ អ្នកឧកញ៉ា លាង ម៉េង បានឱ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភធំមួយរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League។ អ្នកឧកញ៉ា បានបន្តថា ជីប ម៉ុង ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានសហគ្រិនជាខ្មែរ ចាក់ឬសរឹងមាំនៅកម្ពុជាជាង ៤ទសវត្ស ជាអ្នកឧបត្ថម្ភលើវិស័យកីឡាកម្ពុជាធំបង្អស់មួយ បានបន្តអភិវឌ្ឍវិស័យកីឡា និងវិស័យធំៗនៅកម្ពុជាជាមួយនឹងស្មារតី ស្រលាញ់អ្វីដែលខ្មែរមាន អ្វីដែលខ្មែរបង្កើតឡើងដោយខ្លួនឯង ដើម្បីសាងមុខមាត់ខ្មែរឱ្យគ្រប់គ្នានៅលើពិភពលោកបានស្គាល់កាន់តែច្បាស់។
អ្នកឧកញ៉ា លាង ម៉េង បានបន្ថែមថា ក្នុងកិច្ចសហការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League 2024 និងកាលពីឆ្នាំ២០២៣កន្លងទៅ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីគោលជំហរដ៏រឹងមាំរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើការរួមចំណែកក្នុងការផ្សព្វផ្សាយអំពីចលនាសាមគ្គី និងចំណងមិត្តភាពល្អក្នុងសង្គម ហើយជាពិសេសបំផុសឱ្យយុវជនគ្រប់រូប ងាកមកស្រលាញ់វិស័យកីឡា ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញសារថ្លែងអំណរគុណដល់អ្នកឧកញ៉ា លាង ម៉េង លើទំព័រហ្វេសប៊ុកថា ក្នុងនាមប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា លាង ម៉េង (ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស) ដែលបានបរិច្ចាគថវិកា ចំនួន ៥ម៉ឺនដុល្លារ តាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤។ ការបរិច្ចាគថវិកាដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ដល់កុមារកម្ពុជា គឺជាកាយវិការដ៏ល្អប្រពៃ បង្ហាញពីទឹកចិត្តអាណិតស្រលាញ់ក្នុងនាមជាខ្មែរដូចគ្នា ពិសេសលើកុមារ ដែលកំពុងតែត្រូវការជំនួយជាចាំបាច់។
សូមជម្រាបថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចំណាយថវិកាក្នុងមួយឆ្នាំៗខ្ទង់លានដុល្លារ លើការអភិវឌ្ឍវិស័យកីឡាកម្ពុជា ហើយក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនបានចំណាយប្រមាណជិត ៦លានដុល្លារ លើការឧបត្ថម្ភលើវិស័យកីឡារួចទៅហើយ។ គោលបំណងដ៏ធំមួយ គឺធ្វើយ៉ាងណាបណ្តុះកីឡាករជំនាន់ក្រោយ និងចម្រាញ់ឱ្យមានធនធានកីឡាករខ្មែរល្បីៗកាន់តែច្រើនឡើង ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ និងដណ្តើមយករង្វាន់ជូនជាតិនិងមាតុភូមិ៕