គម្រោងសាងសង់ស្ពានដែលមានកម្ពស់រហូតដល់ ៩០ម៉ែត្រ ខ្ពស់ជាងគេនៅកម្ពុជា គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខណៈបច្ចុប្បន្នស្ពាននេះ សម្រេចបាន៤១,៥០% ហើយ។នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
ក្រសួងសាធារណការ បានឱ្យដឹងថា ស្ពាននេះឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥ មានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដាចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន៥៥តោន ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក ។
បើតាមក្រសួងសាធារណការ បានបញ្ជាក់ទៀតថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ទាំងមូល សម្រេចការសាងសង់បាន៨៣,៣៦% ក្នុងនោះរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។
ក្រសួង បានបន្ថែមដែរថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ បានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។
យ៉ាងណាមិញ ក្រសួងសាធារណការ ក៏បានបញ្ជាក់ដែរថា នៅរដូវវស្សានេះផ្លូវជាតិលេខ ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង៕ អត្ថបទ៖ រង្សី