៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ ៧១៦ ០០០ តោន (៧១ម៉ឺនតោន៦ពាន់តោន) ក្នុងនោះនាំចេញទៅកាន់ប្រទេសវៀតណាមជាង៦៦ម៉ឺនតោន កើនឡើងជាង៣០%។
យោងតាមទិន្នន័យក្រៅផ្លូវការរបស់ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឲ្យដឹងថា ផលិតកម្មស្វាយចន្ទី៥ខែ ឆ្នាំ២០២៤ (មករា-ឧសភា) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ ៧១៦ ០០០ តោន (៧១ម៉ឺនតោន៦ពាន់តោន) ក្នុងនោះនាំចេញទៅវៀតណាមបានសរុប ៦៦៧ ០០០ តោន (៦សែន ៦ម៉ឺន៧ពាន់ តោន) ស្មើទឹកប្រាក់ ៨៥១ លានដុល្លារ មានការកើនឡើងជាង៣០%។
ជាមួយគ្នានោះ សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងទៀតថា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃមធ្យម ១ ៧៣០ដុល្លារ ក្នុង១តោន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា «ការនាំចេញទៅកាន់ប្រទេសវៀតណាមមានការកើនឡើងក្នុងរយៈពេល៥ខែមកនេះ គឺដោយសារទី១ ,ផ្ទៃដីរបស់យើងមានការកើនឡើង ទី២, បាតុភូតអែនីញូបានធ្វើឲ្យកសិករថយផល ប៉ុន្តែសមាជិកនៅក្នុងសមាគមយើងបានប្រកាសឲ្យពួកគាត់ត្រៀមខ្លួនតាំងពីខែកញ្ញា ឆ្នាំ២០២៣មកម្ល៉េះ។ក្នុងនោះ សមាជិកសមាគមចំនួន៦០% គាត់ក៏បានធ្វើតាមអ្វីដែលសមាគមបានប្រាប់ និងដំណោះស្រាយ ធ្វើឲ្យពួកគាត់គេចផុតពីឥទ្ធិពលអែនីញូ ជាហេតុធ្វើឲ្យពួកគាត់កើនផល ទី៣, ដោយសារតែសមាគមឲ្យសមាជិករបស់ខ្លួនផ្អាកការលក់កាលពីខែកុម្ភៈ និងមីនា ធ្វើឲ្យតម្លៃគ្រាប់ស្វាយចន្ទីនៅលើចរន្តទីផ្សារធ្លាក់ចុះ ហើយនិងធ្វើឲ្យតម្លៃគ្រាប់សើម និងគ្រាប់ស្ងួតបានហក់ឡើង»។
លោកបន្តថា «ការហក់ឡើងនេះមិនជារឿងចម្លែកទេ ពីពោះនៅលើទីផ្សារបច្ចុប្បន្នជាពិសេសនៅទ្វីបអាហ្វ្រិកក៏មានការជួបបែបនេះដែរ បានធ្វើឲ្យតម្លៃស្វាយចន្ទីថយចុះ និងទី៤, ដោយសារតែប្រទេសគុណវឌ្ឍ ដែលជាប្រទេសផលិតស្វាយចន្ទីលេខមួយនៅលើពិភពលោកបានផ្អាកការនាំចេញគ្រាប់ស្វាយចន្ទីបណ្តោះអាសន្ន ដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃនៅក្នុងស្រុក ដូច្នេះហើយធ្វើឲ្យតម្លៃរៀងហក់ឡើងបន្តិច»៕