អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា ជំនួសតំណែងរបស់លោក Wang Wentian ដែលទើបនឹងត្រូវបញ្ចប់តួនាទីរបស់លោកកាលពីពេលកន្លងទៅ។
លោក Wang កើតនៅក្នុងខែមេសា ឆ្នាំ១៩៧១ នៅខេត្ត Anhui ប្រទេសចិន។ លោកបានចូលរៀននៅវិទ្យាល័យ Nanjing Jinling និងបន្តចូលរៀននៅសាកលវិទ្យាល័យកិច្ចការបរទេសចិន ជាកន្លែងដែលលោកបានចាប់យកមុខវិជ្ជាភាសាបារាំង នៅឆ្នាំ១៩៨៩។
ក្រោយពីបញ្ចប់ការសិក្សា លោក Wang ត្រូវបានចាត់ឲ្យចូលបម្រើការនៅក្នុងក្រសួងការបរទេស នៅក្នុងមុខតំណែងការទូតជាច្រើន រួមមាននាយករង និងជាប្រធានការិយាល័យស្រាវជ្រាវគោលនយោបាយ ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំសាធារណរដ្ឋម៉ូរីស ទីប្រឹក្សានាយកដ្ឋានផែនការគោលនយោបាយ និងជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយ ផងដែរ។
ដោយសារតែមានបទពិសោធច្រើន លោក Wang ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសទុយនេស៊ី ជំនួសលោក Bian Yanhua ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ទី១៣ នៃសភាប្រជាជនជាតិ នៅក្នុងខែឧសភា ឆ្នាំ២០១៨។
រហូតដល់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក Wang ក៏ត្រូវបានបន្តតែងតាំងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេស ជំនួសលោក Geng Shuang ។
ដោយធ្លាប់បានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង ៣០ឆ្នាំមកហើយ លោក Wang ទទួលបានតំណែងថ្មីក្នុងនាមជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា ដែលត្រូវបានបញ្ជាក់ជាផ្លូវការដោយទីភ្នាក់ងារសហប្រតិបតិ្តការអភិវឌ្ឍអន្តរជាតិចិន ក្នុងអំឡុងកិច្ចប្រជុំដ៏សំខាន់មួយ ជាមួយប្រធានទីភ្នាក់ងារ លោក Luo Zhaohui កាលពីខែមិថុនាកន្លងទៅ។
សូមជម្រាបដែរថា លោក Wang Wenbin នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែកក្កដាខាងមុខ ដើម្បីចាប់ផ្ដើមបំពេញបេសកកម្មការទូត ក្នុងនាមជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា៕