សារព័ត៌មាន The Nations បានចុះផ្សាយថា អតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យលោក Thepthai Senpong ជឿជាក់ថាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានឱកាសតិចតួចប៉ុណ្ណោះក្នុងការរួចផុតពីទោស ជុំវិញបណ្តឹងប្រមាថព្រះមហាក្សត្រនាពេលថ្មីៗ ហើយអតីតនាយករដ្ឋមន្ត្រីរួបនេះក៏នឹងមិនជ្រើសរើសការភៀសខ្លួនចេញពីប្រទេសម្តងទៀតផងដែរ។
តាមការបង្ហោះលើ Facebook នៅថ្ងៃទី៥ មិថុនា អតីតសមាជិកសភាខេត្ត Nakhon Si Thammarat រូបនេះក៏បាននិយាយដែរថា លោក ថាក់ស៊ីន គឺមានទំនុកចិត្តខ្ពស់ណាស់ ថាអាចនឹងទទួលបានសិទ្ធិរស់នៅក្រៅឃុំ ដូច្នេះហើយគ្មានហេតុផលអ្វី ធ្វើឲ្យគាត់រត់គេចខ្លួនទៀតនោះទេ។
យ៉ាងណាបើនិយាយអំពីការភៀសខ្លួន លោក ថាក់ស៊ីន បែរជាមិនត្រូវបានគេប្រទះឃើញជាសាធារណៈនោះឡើយ នារយៈពេលថ្មីៗ ចាប់តាំងពីអគ្គមេធាវីបានចេញដីកាចោទប្រកាន់កាលពីថ្ងៃទី២៩ ខែឧសភា ពីបទប្រមាថព្រះមហាក្សត្រ និងបទឧក្រិដ្ឋកម្មកុំព្យូទ័រ ដែលកើតចេញពីបទសម្ភាសន៍មួយជាមួយអ្នកកាសែតបរទេសកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ ។ ការបាត់មុខពីទីសាធារណៈដូច្នេះ បាននាំឲ្យមានការសង្ស័យថា គាត់ប្រហែលជាបានភៀសខ្លួនចេញពីប្រទេសជាលើកទីពីរ ដូចកាលពីឆ្នាំ២០០៨ មែនទែនហើយ។
ជុំវិញរឿងរ៉ាវនេះ លោកនាយករដ្ឋមន្ត្រីកាន់តំណែងអាណត្តិថ្មី សេដ្ឋា ថាវីស៊ីន បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា លោក ថាក់ស៊ីន កំពុងតែស្ថិតនៅក្នុងប្រទេស ហើយនឹងមិនភៀសខ្លួនទៅណាទៀតទេ។ ការលើកឡើងដូច្នេះ បន្ទាប់ពីរូបលោកបានជួបជាមួយកូនស្រីលោកថាក់ស៊ីន គឺលោកស្រី Paetongtarn កាលពីថ្ងៃអង្គារ ដែលបានអះអាងថា ឪពុករបស់ខ្លួនមិនអីឡើយ ដ្បិតគាត់កំពុងតែស្ថិតនៅវិមាននាទីក្រុងបាំងកក។
ក្រៅពីនោះ លោក សេដ្ឋា ក៏បានលើកឡើងថា លោក ថាក់ស៊ីន នឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឆាំងតវ៉ាចំពោះការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ហើយការនិរទេសអស់រយៈពេល ១៧ឆ្នាំមកនេះ ល្មមគ្រប់គ្រាន់ហើយ គាត់មិនចង់រត់ភៀសខ្លួនទៅក្រៅប្រទេសម្តងទៀតឡើយ៕