កាលពីថ្ងៃទី០៤ ខែមិថុនា មហាសេដ្ឋីឥណ្ឌា Gautam Adani ទទួលរងការខាតបង់ធំបំផុតមិនធ្លាប់មាន ពោលត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដែលមេធំក្រុមហ៊ុន Adani Group របូតលុយជិត ២៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ SCMP។
មូលហេតុដែលធ្វើឲ្យស្ដេចត្រាញ់ឥណ្ឌារូបនេះ ទទួលរងការខាតបង់នឹកស្មានមិនដល់ គឺដោយសារតែលទ្ធផលឈ្នះឆ្នោតរបស់នាយករដ្ឋមន្ត្រី Narendra Modi មិនទទួលបានជោគជ័យធំធេង ដូចការរំពឹងទុក ដែលធ្វើឲ្យគម្រោងការមួយចំនួនរបស់មហាសេដ្ឋីម្នាក់នេះ ក៏ទទួលរងផលប៉ះពាល់ដូចគ្នា។
បន្ថែមពីនោះ នៅក្នុងថ្ងៃតែមួយ តម្លៃភាគហ៊ុននៃក្រុមហ៊ុនចំនួន១០ របស់ Adani Group សុទ្ធតែមានការធ្លាក់ចុះ ដែលធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សមួយនេះបាត់បង់ចំណូលដល់ទៅ ៤៥ពាន់លានដុល្លារ។
សូមជម្រាបដែរថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Gautam Adani គឺមានប្រហែល ១០៣ពាន់លានដុល្លារ និងបានរបូតងារជាមហាសេដ្ឋីមានបំផុតនៅអាស៊ី ដ្បិតមហាសេដ្ឋីរួមប្រទេស Mukesh Ambani មានទ្រព្យសម្បត្តិរហូតដល់ ១០៩ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Bloomberg Billionaires Index៕