អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដែលមានតម្លៃ១៥០០លានដុល្លារ ដំណាក់កាលទី១ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ សម្រេចការសាងសង់បានប្រមាណ ៧៥.៨%ហើយ។នេះបើតាមការឲ្យដឹងពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ថ្លែងក្នុងកម្មវិធី ដឹកនាំតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ តំណាងក្រុមហ៊ុនផ្តល់សេវាកម្ម គាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស មកធ្វើទស្សនកិច្ចស្វែងយល់លើការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ក្រុមហ៊ុន CAIC បានខិតខំប្រឹងប្រែង និងព្យាយាមអស់ពីលទ្ធភាព ដើម្បីសម្រេចការសាងសង់ ឲ្យបានឆាប់តាមផែនការដូចបានគ្រោងទុក។ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៧៥.៨% ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។
លោកបន្តថា ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះ គឺអនុញ្ញាតឱ្យ ក្រុមហ៊ុនប្រតិបត្តិករទាំងអស់ ត្រៀមលក្ខណៈរបស់ខ្លួន មកបម្រើការងារ និងផ្តល់សេវាកម្មពាក់ព័ន្ធ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយបញ្ចប់ការសាងសង់ និងចាប់ផ្តើមប្រតិបត្តិការ។ដំណើរទស្សនកិច្ចសិក្សានេះ ក៏មានបំណងផ្តល់ការស្វែងយល់អំពីការវិវឌ្ឍន៍ចុងក្រោយ នៃការសាងសង់សំណង់ដ៏មហិមា និងលំដាប់អន្តរជាតិនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកើតចេញពីគតិបណ្ឌិត និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តអនុវត្តគតិបណ្ឌិត ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4Fនេះដែរ គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោនៅទីនេះ ក្រោមទឹកប្រាក់វិនិយោគ ១៥០០ លានដុល្លារ។ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីផងដែរ៕