ធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) បានបង្ហាញថា កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន»។ លោកស្រីបន្តថា៖ «កម្ពុជា អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនតាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ»។
ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ មានការប្រសើរឡើងនៅក្នុងត្រីមាសទីមួយដែលឈានដល់កម្រិត ៨៤% នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញកសិកម្ម នៅតែមានភាពធន់ល្អ។ សមាគប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានក្លាយជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក។ ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និងកសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញនេះផងដែរ។ អតិផរណាបានធ្លាក់ចុះដល់សូន្យក្នុងខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈដែលគណនីចរន្តបានកត់ត្រានូវអតិរេកដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ ២០២៣ ដោយសារ ឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សកម្មភាពក្នុងវិស័យសំណង់នៅតែមានតិចតួច ខណៈដែលទីផ្សារអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលឱ្យមានការកាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក។
ក្រៅពីនេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនេះដែរ ក៏មានផ្នែកមួយផ្ដោតពិសេសទៅលើការពិនិត្យមើលរបៀបដែលកម្ពុជាអាចពង្រឹងប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីបង្កើនពលកម្មដែលមានជំនាញ និងបង្កើនផលិតភាព។ របាយការណ៍នេះបានផ្ដល់អនុសាសន៍ដូចជា៖ បង្កើនការវិនិយោគលើការអប់រំកុមារតូច និងនៅបឋមសិក្សា លើកកម្ពស់ប្រសិទ្ធភាពគ្រូបង្រៀន និងធ្វើឱ្យការបែងចែកធនធានកាន់តែមានសមធម៌៕អត្ថបទ៖ រង្សី