ក្រុមហ៊ុនផលិតបន្ទះសូឡាស្រូបថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសចិន កំពុងបញ្ឈប់ការផលិតក្នុងរោចក្រនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ ដោយសារតែកើនឡើងនៃរនាំងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមកលើផលិតផលរបស់ខ្លួន ដែលជាហេតុធ្វើឲ្យមានភាពមិនច្បាស់លាស់សម្រាប់ការនាំចេញពីតំបន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ក្រុមហ៊ុនចិន Longi Green Energy Technology Co បានចាប់ផ្តើមកាត់បន្ថយសកម្មភាពផលិតរបស់ខ្លួនបន្តិចម្តងៗ នៅរោងចក្រមួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ បន្ទាប់ពីពួកគេ ក៏បានបញ្ឈប់ខ្សែសង្វាក់ផលិតកម្មទាំងប្រាំកន្លែងផ្សេងទៀត នៅឯរោងចក្រក្នុងប្រទេសវៀតណាមកាលពីសប្តាហ៍មុន ខណ:ពេលដែលក្រុមហ៊ុន Trina Solar Co ក៏បានផ្អាកការផលិតរបស់ខ្លួន នៅរោងចក្រក្នុងប្រទេសថៃ ផងដែរ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Longi បាននិយាយថា ក្រុមហ៊ុនបានធ្វើការកែសម្រួលផែនការផលិតកម្មរបស់ខ្លួន នៅរោងចក្រជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃតម្លៃ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ចាប់តាំងពីដើមឆ្នាំនេះមក។
គួរឲ្យដឹងផងដែរថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កាលពីខែមុនបានចេញច្បាប់ជាបន្តបន្ទាប់ ក្នុងការពង្រឹងពន្ធប្រឆាំងទៅនឹងឧបករណ៍ស្រូបថាមពលព្រះអាទិត្យ នៅពេលដែលការអនុគ្រោះពន្ធរយៈពេលពីរឆ្នាំ សម្រាប់ការនាំចូលឧបករណ៍ស្រូបថាមពលពន្លឺព្រះអាទិត្យមួយចំនួន ពីប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី និងវៀតណាម នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
ជម្រាបជូនផងដែរថា ប្រទេសក្នុងតំបន់អាស៊ានទាំងបួនខាងលើនេះ ត្រូវបានគេកំណត់ថាជាគោលដៅដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ចិន ដើម្បីបង្កើតប្រតិបត្តិការនៅទីនោះ ដើម្បីគេចផុតពីការបង់ពន្ធនាំចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីសម័យដឹកនាំដោយលោក Barack Obama មកម្លេះ៕