ប្រាក់ចំណូលពីវិស័យទេសចរណ៍ថៃ ទំនងមានកម្រិតទាបជាងគោលដៅរំពឹងទុកនៅឆ្នាំនេះ

អន្តរជាតិ

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានរាយការណ៍ឲ្យដឹងថា ប្រាក់ចំណូលជាក់ស្តែងបំផុតពីវិស័យទេសចរណ៍ថៃ នៅឆ្នាំនេះ អាចនឹងមានចំនួនសរុបប្រហែល ៣ទ្រីលានបាត (៨២ពាន់លានដុល្លារ) ពោលគឺទាបជាងគោលដៅរំពឹងទុករបស់រដ្ឋាភិបាល ៣,៥ទ្រីលានបាត (៩៥ពាន់លានដុល្លារ) ដោយសារតែទីផ្សារគោលដៅជាច្រើនកំពុងរងនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaiger។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមដើមខែនេះ ការមកដល់របស់ភ្ញៀវទេសចរបរទេស មានចំនួន ១៤,៩ លាននាក់ ដោយបានបង្កើតប្រាក់ចំណូលសរុបចំនួន ៧០៦ពាន់លានបាត (១៩,៤ពាន់លានដុល្លារ) សម្រាប់វិស័យទេសចរណ៍របស់ថៃ និងទទួលបានប្រហែល ៣០%​​ នៃគោលដៅប្រាក់ចំណូលពីជនបរទេសដែលរដ្ឋាភិបាលរំពឹងទុកសម្រាប់ឆ្នាំនេះ។

លោក Chattan Kunjara Na Ayudhya អភិបាលរង TAT ទទួលបន្ទុកទីផ្សារអន្តរជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង បានគូសបញ្ជាក់ថា លទ្ធផលប្រាក់ចំណូលជាក់ស្តែងបំផុតសម្រាប់ឆ្នាំនេះ គឺចំនួន ៣ទ្រីលានបាត ដោយសារតែទីផ្សារចម្បងៗកំពុងជួបប្រទះទៅនឹងការជាប់គាំងនៃសេដ្ឋកិច្ច ជាពិសេសប្រទេសចិន។

ទន្ទឹមនឹងនេះ លោក Chattan បានបន្ថែមទៀតថា ដើម្បីអាចរកចំណូលបន្ថែម ៥០០ពាន់លានបាត ដើម្បីឈានដល់គោលដៅ ៣,៥ទ្រីលានបាតរបស់រដ្ឋាភិបាលបាន ឧស្សាហកម្មទេសចរណ៍ ត្រូវការការជំរុញបន្ថែមទៀត ជាពិសេសនៅក្នុងទីផ្សារប្រទេសចិនតែម្តង។

អភិបាលរង TAT រូបនេះ បានបន្តថា សម្រាប់ទីផ្សារប្រទេសចិនក្នុងខែនេះ ស្ថិតក្នុងដំណាក់កាលមិនអំណោយផលនោះឡើយ ដោយសារសិស្សត្រូវប្រឡងចូលសកលវិទ្យាល័យ ដូច្នេះហើយទើបធ្វើឲ្យមានអ្នកទេសចរចិនត្រឹមតែ ១៥ ០០០ ទៅ ១៨ ០០០ នាក់ប៉ុណ្ណោះ មកលេងកម្សាន្តក្នុងប្រទេសថៃ ក្នុងមួយថ្ងៃ៕