លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់​ជាផ្លូវការកំពង់ផែពហុបំណងកំពត

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោក​ជំទាវ ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបទៀត ដែលជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល​ក៏ដូចជា​សមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងពិធីសម្ពោធបើកឱ្យ​ប្រើប្រាស់ជាផ្លូវការ​កំពង់ផែពហុ​បំណង​កំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែពហុបំណងកំពត ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវ​សមុទ្រ​របស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀតហើយនឹង​ក្លាយជា​កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់​ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបានដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ​មុន​នឹងទៅដល់គោលដៅចុងក្រោយ។

ពិធីសម្ពោធនៅថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីសមិទ្ធផលថ្មីមួយបន្ថែមទៀត និងការអភិវឌ្ឍរីក​ចម្រើន​របស់កម្ពុជា និយាយជារួម និងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ និយាយដោយឡែក ដែលបានលេចចេញជារូបរាងឡើងស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយភាព​ប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។ បន្ថែមពីនេះ កំពង់ផែនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់ឱកាសពីសំណាក់​ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេសក្នុងការចូលរួមវិនិយោគអភិវឌ្ឍវិស័យ​កំពង់ផែនៅកម្ពុជា​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

កំពង់ផែពហុបំណងកំពត គឺជា​កំពង់ផែ​មួយ​​មានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ សម្រាប់ដឹកជញ្ជូន​ទំនិញ​តាមកប៉ាល់ធំៗ។ គម្រោង​កំពង់ផែទឹកជ្រៅមួយនេះ អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​កំពតផត​ ​​បានចុះសិក្សា​តាំងពីឆ្នាំ២០១០ និង​បាន​បើកការដ្ឋានបូម​ស្តារ​​ឃ្លងនាវាចេញ-ចូល​ ចាប់​តាំង​ពី​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ មក។ សម្រាប់​ដំណាក់​កាលទី១ ដែលបានសម្ពោធនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ​ឆ្នាំ២០២៤​នេះ ក្រុមហ៊ុន​បាន​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ១៤០លានដុល្លារ ខណៈដែល​​​​នាពេលខាងមុខ ក្រុមហ៊ុន​នឹងបន្ត​សាងសង់​ដំណាក់កាល​ទី២ បន្ថែមទៀត៕