សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អង្គមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ ជាឱកាសស្វែងយល់​ពីសក្តានុពលកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា អង្គមហាសន្និបាតសភា​យុវ​ពាណិជ្ជករអន្តរជាតិ​ទាំងមូល នឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ពិសេសក្នុងការធ្វើធុរកិច្ច និងវិនិយោគជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងដូច្នេះក្នុងពិធីមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ី​ហ្វិកឆ្នាំ២០២៤ ក្រោមប្រធានបទ (Rising Together) នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាប កាល​ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អនាគតរបស់យើងអាស្រ័យទៅលើយុវជនគ្រប់ៗរូប ដែលជា​អ្នកបន្តវេន ខណៈសម្តេចធិបតី ក៏បានក្រើនរំលឹកទៅកាន់យុវជនទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ ក៏ដូចជានៅទីកន្លែងដទៃទៀតថា បងប្អូនយុវជននេះហើយជាអ្នកកំណត់ជោគវាសនា នាពេលអនាគតនេះ។
ក្នុងន័យនេះ សម្តេចធិបតី បន្តថា ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិត​វិជ្ជមាន​ដែលសម្លឹងឆ្ពោះទៅមុខជានិច្ច។ សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់អំពី​តួនាទី​ដ៏សំខាន់របស់យុវជន ក្នុងការកសាង​អនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា។

ឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមចំណែកជាមួយ JCI-កម្ពុជា ក្នុងការរៀបចំមហាសន្និបាត​នេះ ប្រកបដោយភាពជោគជ័យ ព្រមទាំងបានគូសរំលេចអំពីអភិក្រមដែលកម្ពុជាជ្រើសរើស ក្នុងការអភិវឌ្ឍ​យុវជន។

ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានសង្ឃឹមជឿជាក់ដែរថា តាមរយៈអង្គមហាសន្និបាតទាំងមូលនឹងមានឱកាស​ស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ការ​សម្រប​សម្រួលក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។ បន្ថែមពីនេះ អង្គមហាសន្និបាតនេះ នឹងក្លាយជាកាតាលីករ សម្រាប់​ការ​បំផុសគំនិតច្នៃប្រឌិត និងជាការប្តេជ្ញាចិត្តរបស់យើងសាជាថ្មីក្នុងការកសាងនូវជោគវាសនារួមគ្នាមួយ ដែលប្រកប​ដោយចីរភាពផងដែរ៕