យោធាមីយ៉ាន់ម៉ា ចាប់ខ្លួនមនុស្សជាច្រើននាក់ ពីបទលក់ និងទិញខុនដូ នៅក្នុងប្រទេសថៃ

អន្តរជាតិ

យោងតាមប្រភពពីសារព័ត៌មាន Irrawaddy បានរាយការណ៍មកថា យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្រ្កាបមនុស្សជាច្រើននាក់ ជុំវិញការលក់ និងទិញខុនដូ នៅក្នុងប្រទេសថៃ បន្ទាប់ពីមានព័ត៌មានថា ពលរដ្ឋមីយ៉ាន់ម៉ា ជាប់ឈ្មោះជាជនបរទេសទីពីរដែលទិញខុនដូ នៅក្នុងប្រទេសថៃច្រើនបំផុត ក្នុងត្រីមាសទី១ ឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មនុស្សពីរនាក់ក្នុងចំណោមដែលអ្នកត្រូវចាប់ខ្លួន ត្រូវបានគេដឹងថាជាអ្នករៀបចំពិធីពិព័រណ៍ នៅសណ្ឋាគារមួយក្នុងទីក្រុង Yangon ដើម្បីលក់ខុនដូថៃ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ ខណ:មនុស្សទាំងពីររូបនេះ ក៏បានលួចផ្ទេរប្រាក់ពីអ្នកទិញ ទៅកាន់ប្រទេសថៃ តាមរយ:បណ្តាញទូទាត់ខុសច្បាប់ផងដែរ។

គួរឲ្យដឹងផងដែរថា នេះជាការបង្ក្រាបទ្រង់ទ្រាយធំមួយ នៅពេលដែលរបបយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការការពាររូបិយប័ណ្ណក្នុងស្រុក មិនឲ្យហូរចេញពីប្រទេស និងដើម្បីការពារការដួលរលំផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីប្រាក់ kyat មីយ៉ាន់ម៉ា បានធ្លាក់ចុះតម្លៃយ៉ាងឆាប់រហ័ស។

ជម្រាបជូនផងដែរថា យោងតាមកាសែត Bangkok Post បានរាយការណ៍កាលពីចុងខែមុនថាអ្នកទិញខុនដូនៅក្នុងប្រទេសថៃភាគច្រើន គឺជាពលរដ្ឋមីយ៉ាន់ម៉ា ព្រោះថាពួកគេកំពុងស្វែងរកទីកន្លែងមានសុវត្ថិភាព ដោយសារតែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសដែលកំពុងបន្ត៕