ទាំងនេះជាទម្លាប់ដ៏គួរឲ្យចាប់អារម្មណ៍ របស់មហាសេដ្ឋីលំដាប់ពិភពលោក ដែលមនុស្សមួយចំនួនពុំសូវបានដឹង

អន្តរជាតិ

កំពូលមហាសេដ្ឋីលំដាប់ពិភពលលោកមួយចំនួនដូចជា Elon Musk, Mark Zuckerberg, Bill Gates, Jeff Benzos និង Tim Cook ជាដើមសុទ្ធសឹងតែជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ដោយត្រូវចាត់ចែង មើលការខុសត្រូវ រៀបចំយុទ្ធសាស្ត្រ គ្រប់គ្រងបុគ្គលិករាប់ពាន់នាក់ ព្រមទាំងទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ក្រុមហ៊ុន ហើយពេលខ្លះទៀតសោត សឹងតែគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងទៀតផង។ ផ្ទុយមកវិញ នៅពេលដែលមហាសេដ្ឋីទាំងប្រាំរូបនេះ ទំនេរពីការងារដ៏មមាញឹកដូច្នេះ តើពួកគេតែងតែយកពេលវេលាបន្តិចបន្តួចនោះទៅធ្វើអ្វីខ្លះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះ គឺជាទម្លាប់ដ៏គួរឲ្យចាប់អារម្មណ៍របស់កំពូលមហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារ ចូលចិត្តធ្វើជាងគេនៅពេលទំនេរ ផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន The Times of India ៖

១. អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Bill Gates តែងតែត្រូវបានគេដឹងហើយថា គាត់មានចំណង់ចំណូលចិត្តក្នុងការអានសៀវភៅ និងដំណើរកម្សាន្តផ្សេងៗខ្លាំងមែនទែន។ យ៉ាងណា លោកក៏មិនមែនចូលចិត្តតែការអានប៉ុណ្ណោះទេ Bill Gates ក៏ជាអ្នកស្រឡាញ់ និងតាមប្រមាញ់ទិញរថយន្តទំនើបៗស៊ីវិល័យមកទុកក្នុងយានដ្ឋានរបស់ខ្លួនផងដែរ។ មហាសេដ្ឋីរូបនេះ តែងតែលើកឡើងជារឿយៗថា ការចំណាយពេលវេលាជាមួយគ្រួសារ និងកូនៗ ជាវិធីដ៏សំខាន់ក្នុងការបំបាត់ភាពស្ត្រេស និងសប្បាយចិត្ត។ លើសពីនោះ លោកក៏ត្រូវបានគេដឹងទៀតថា ជាអ្នកចូលចិត្តលេងកីឡាវាយកូនបាល់ ហើយកន្លងមកក៏ធ្លាប់ឃើញលោកបានចូលរួមប្រកួតតទល់ជាមួយនឹងម្ចាស់ជើងឯក Grand Slam 20 លោក Roger Federer កាលពីក្នុងឆ្នាំ២០១៧ ទៀតផង។

២. លោក Elon Musk ថ្នាក់ដឹកក្រុមហ៊ុនយក្សអាមេរិក Tesla, SpaceX និងកម្មវិធីបណ្តាញសង្គម X ជាដើម គឺជាអ្នកដែលមានចំណង់ចំណូលចិត្តទៅលើការលេងហ្គេម។ ការលើកឡើងដូច្នេះ គឺបន្ទាប់ពីរូបលោកបាននិយាយអំពីការសប្បាយរីករាយក្នុងការលេងហ្គេម Elden Ring និង Diablo VI នៅក្នុង Podcast មួយជាមួយអ្នកសម្របសម្រួលកម្មវិធីលោក Lex Fridman ។ នៅអំឡុងពេលនោះ លោក Musk បានប្រាប់ត្រង់ៗថា ការលេងហ្គេមវាបានជួយឲ្យខ្លួនសម្រាកបានយ៉ាងរីករាយ។ ម្យ៉ាងវិញទៀត មហាសេដ្ឋីរូបនេះក៏ត្រូវបានគេដឹងដែរថា ជាអ្នកប្រមែលប្រមូលទិញរថយន្តមកទុកក្នុងយានដ្ឋាន ក្នុងនោះទៀតសោតក៏មានដែរនូវរថយន្ត Lotus Esprit ដែលថតក្នុងខ្សែភាពយន្តដ៏ល្បីល្បាញមួយ The Spy Who Loved Me ។

៣. ម្ចាស់ក្រុមហ៊ុន Amazon លោក Jeff Benzos គឺជាអ្នកចូលចិត្តទៅលើវិស័យអាកាសចរណ៍ ពិតមែនហើយលោកទទួលបានអាជ្ញាបណ្ណបើកយន្តហោះពាណិជ្ជកម្ម ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងការហោះហើរបែបឯកជនដោយខ្លួនឯង។ មួយវិញទៀត ម្ចាស់ក្រុមហ៊ុន Amazon រូបនេះក៏ជាអ្នកចូលចិត្តរុករកតាមរូងភ្នំ ចូលចិត្តជិះសេះ ដោយមានរបាយការណ៍មួយបានឲ្យដឹងថា លោកនិងឪពុកធ្លាប់បានជិះសេះបានរយៈចម្ងាយ ៨០គីឡូម៉ែត្រផងដែរ។

៤. ស្ថាបនិកក្រុមហ៊ុន Meta Platform លោក Mark Zuckerberg ជាអ្នកចូលចិត្តការធ្វើដំណើរកម្សាន្ត និងលេងហ្គីតា ហើយកាន់តែពិសេស បុរសម្នាក់នេះជាអ្នកចូលចិត្តក្នុងវិស័យសិល្បៈក្បាច់គុណចម្រុះ (MMA) ហើយមានម្តងម្កាលក៏ឃើញលោក និងភរិយាទៅទស្សនាការប្រកួតកីឡាមួយចំនួនផងដែរ។ កន្លងមកលោក Zuckerberg និងលោក Musk ក៏ធ្លាប់បានឌឺដងផ្លែផ្កាពាក្យសម្តីគ្នាតាមអ៊ីនធឺណិត ហើយក៏ឈានទៅដល់ការបបួលគ្នាវាយដាក់ទ្រុង MMA ថែមទៀត។

៥. នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ក៏ត្រូវបានគេដឹងដែរថា ជាអ្នកស្រឡាញ់សុខភាពរាងកាយ ដោយពេលទំនេររូបលោកចូលចិត្តឡើងភ្នំ ជិះកង់ជាដើម ហើយលើសពីនោះ លោក Cook ធ្លាប់បាននិយាយទៅកាន់សារព័ត៌មាន South China Morning Post ថា គាត់គឺជាមនុស្សម្នាក់ ដែលចូលចិត្តអានសៀវភៅ៕