ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងហាណូយមានគោលបំណង ទទួលស្វាគមន៍ភ្ញៀវទេសចរសរុបជាង ៣០លាននាក់ដោយក្នុងនោះរំពឹងថានឹងមានវត្តមានភ្ញៀវអន្តរជាតិចំនួន ៧លាននាក់ និងរំពឹងទៀតថាទទួលបានប្រាក់ចំណូលជាង ៥,១១ពាន់លានដុល្លារពីវិស័យទេសចរណ៍របស់ខ្លួននៅឆ្នាំ២០២៥ ។
សារព័ត៌មាន VN Express បានចុះផ្សាយថា នៅក្រោមផែនការអភិវឌ្ឍន៍របស់ខ្លួន ការរួមចំណែករបស់វិស័យទេសចរណ៍នៅលើផលិតផលក្នុងស្រុកសរុបរបស់ទីក្រុងហាណូយ ត្រូវបានគេរំពឹងដែរថា នឹងមានការកើនឡើងលើសពី៨% ហើយចំនួនបន្ទប់សណ្ឋាគារ និងកន្លែងស្នាក់នៅត្រូវបានព្យាករណ៍ដែរថា នឹងកើនឡើងលើសពី៦០% ។
តាមរយៈផែនការនេះ ទីក្រុងហាណូយនឹងបង្កើតផែនការផ្សព្វផ្សាយតំបន់ដែលមានការពេញនិយម នៅលើបណ្តាញសារព័ត៌មានទាំងក្នុងស្រុក និងអន្តរជាតិ តាមប៉ុស្តិ៍ទូរទស្សន៍ នៅលើវេទិកាឌីជីថល ឬតាមបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន ទីក្រុងហាណូយបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៤លាននាក់ ខណៈចំនួននេះគឺមានការកើនឡើងដល់ទៅ២៦៦% ពីមួយឆ្នាំទៅមួយឆ្នាំ៕