ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN GROUP និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ” បង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅពីសក្តានុពលនៃព្រែកជីកប្រវត្តិសាស្ត្រ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនមហាសាលដល់សង្គមជាតិ សេដ្ឋកិច្ចជាតិទាំងមូល។
ទោះបីជាលោកឧកញ៉ាបណ្ឌិតមិនមែនជាអ្នកចម្រៀងអាជីព តែលោកបានច្រៀងចម្រៀងមួយបទដ៏មានអត្ថន័យនេះដោយផ្ទាល់ក្នុងនាមជាអ្នកជំនួញម្នាក់ ដើម្បីបង្ហាញពីការគាំទ្រពេញទំហឹងយ៉ាងមុតមាំ ទៅលើគម្រោងការសាងសង់ព្រែកជីកហ្វូណនតេជោ តាមយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការអនុវត្តបន្តដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងបើកការដ្ឋានសាងសង់ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
បទចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ” ត្រូវបានមហាជនមើលឃើញញថា បានបង្ហាញការគាំទ្រជាខ្លាំងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីដែលបានដាក់ចេញនូចផែនការសាងសង់ព្រែកជីកប្រវត្តិសាស្ត្រជាដង្ហើមសេដ្ឋកិច្ចថ្មីបន្ថែម សម្រាប់កម្ពុជាក្នុងវិស័យនាវាចរណ៍ ភស្តុកម្ម និងដឹកជញ្ជូន។
ជាមួយគ្នានេះដែរ ចម្រៀងដ៏ពិសិដ្ឋមួយបទនេះ ក៏បានបង្ហាញពីអ្នកបន្តវេនដឹកនាំនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ព្រមទាំងបានបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានចលនាជាតិគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាជនកម្ពុជានៅគ្រប់ទិសទីផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖