ព្រឹកថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ នាវិមានឯករាជ្យ។
ថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ១៩៦២ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានរាជព្រះបន្ទូលថាជនរួមជាតិជាទីស្នេហា! ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងទ្បាយដ៏ទៃទៀត។
អាវុធដ៏សំខាន់ជាងគេសម្រាប់កសាងនិងការពារឯករាជ្យនិងអនាគតយើងពុំមែនគ្រឿងយោធបរិក្ខាដ៏ស្តួចស្តើង គួរឲ្យវេទនារបស់កងទ័ពយើងនោះទេ។អាវុធនោះគឺការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង។ ខ្ញុំជឿជាក់ថាការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះនឹងជួយស្រោចស្រង់ប្រទេសយើងនិងឯករាជ្យយើងឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ដែលមាននៅមុខយើងនេះបានផុតស្រឡះដោយជ័យមង្គល។
ជយោ ! កម្ពុជាឯករាជ្យ!