ប្រធានាធិបតីបារាំង ប្រកាសរំលាយរដ្ឋសភា ក្រោយរងបរាជ័យក្នុងការបោះឆ្នោតនៅអឺរ៉ុប

អន្តរជាតិ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃទី០៩ ខែមិថុនា លោកនឹងរំលាយរដ្ឋសភា និងអំពាវនាវឲ្យមានការបោះឆ្នោតនីតិបញ្ញត្តិភ្លាមៗ បន្ទាប់ពីគណបក្សរបស់លោក រងការបរាជ័យធ្ងន់ធ្ងរក្នុងការបោះឆ្នោតសម្រាប់សភាអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខវិមានប្រធានាធិបតី Elysee លោក Macron បានមានប្រសាសន៍ថា៖ ខ្ញុំបានសម្រេចចិត្តផ្ដល់ជម្រើសឲ្យគ្រប់គ្នា ជ្រើសរើសអនាគតរដ្ឋសភាថ្មី តាមរយៈការបោះឆ្នោត ដោយខ្ញុំនឹងរំលាយសភាចាស់ចោល។

ទន្ទឹមនឹងនោះ មេដឹកនាំបារាំងរូបនេះក៏បានបញ្ជាក់ទៀតថា ការបោះឆ្នោតនីតិបញ្ញត្តិ នឹងធ្វើឡើងចំនួន ២លើក ដោយនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០៧ ខែកក្កដាខាងមុខ។

សូមជម្រាបដែរថា ការអំពាវនាវឲ្យមានការបោះឆ្នោតនីតិបញ្ញត្តិនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលទ្ធផលស្រង់មតិនៅប្រទេសបារាំង បានបង្ហាញថា គណបក្សស្តាំនិយមជ្រុលជាតិ នាំមុខបានយ៉ាងល្អនៅក្នុងការបោះឆ្នោតសភារបស់ EU ដោយបានផ្តួលអ្នកគាំទ្រកណ្តាលនិយមអឺរ៉ុបរបស់លោក Macron៕