កម្ពុជា- វៀតណាម កំពុងជំរុញទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផលសម្រាប់នាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៤ ដើម្បីជំរុញនិងទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផលសម្រាប់ការនាំចេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយ​សមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ មានរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា  លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងសិក្ខាសាលាផ្សព្វផ្សាយវិនិយោគនេះ មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជានិងក្រុមហ៊ុនវិនិយោគវៀតណាមចំនួនប្រមាណ ៤០ ក្រុមហ៊ុន មកពីជុំវិញទីក្រុងហូជីមីញ និងទីក្រុងអាងយ៉ាង។

លោកបន្តថា៖« គោលបំណងនៃសិក្ខាសាលាគឺផ្តោតសំខាន់លើការជំរុញនិងទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជា សម្រាប់ការនាំចេញ តាមរយ:ការបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស រឺតំបន់ប្រមូលផ្តុំឧស្សាហកម្មកសិ-ឧស្សាហកម្ម​»។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានជម្រាបជូនពីកាលានុវត្តភាពវិនិយោគ និងការដាក់ចេញនូវច្បាប់បទប្បញាត្តិនិងគោលនយោបាយសំខាន់ៗក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងប្រែក្លាយកម្ពុជាជាគោលដៅវិនិយោគដែលកាន់តែមានភាពទាក់ទាញ ហើយបានស្នើដល់វិនិយោគិនវៀតណាមពិនិត្យលទ្ធភាពពីកាលានុវត្តភាពដែលមានទាំងនេះដើម្បីបណ្តាក់ទុនវិនិយោគ ចូលរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសយើងទាំងពីរផងដែរ។

សូមរម្លឹកដែរថា​ ក្នុងដំណើរទស្សនកិច្ចរបស់​ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម​ កាលពី​ថ្ងៃទី១១-១២​ ខែធ្នូ​ ឆ្នាំ២០២៣​ កន្លងទៅ​ ក្រុមហ៊ុន​ Hung Hau Agricultural Corporation របស់ប្រទេសវៀតណាម​ បានចុះអនុស្សារណ:យោគយល់គ្នាជាមួយ​ក្រុមហ៊ុន​ Rithy Granite Cambodia Co., Ltd ដើម្បីអភិវឌ្ឍវិស័យកែច្នៃផលិតផលកសិ-ឧស្សាហកម្ម​កម្ពុជា​ ជាពិសេសលលើផលិតផលគ្រាប់ស្វាយចន្ទី​ ស្វាយរមៀត​ និងកសិផលដ៍ទៃទៀត​ ហើយដែលក្រុមហ៊ុនបានផ្តល់ព័ត៌មានជាវិជ្ជមានពីការគ្រោងចាប់ផ្តើមការវិនិយោគរបស់ខ្លួននៅកម្ពុជានាពេលឆាប់ៗខាងមុខនេះថែមទៀត៕ អត្ថបទ៖ រង្សី