មហាសេដ្ឋីកំពូលរបស់ប្រទេសបារាំង លោក Bernard Arnault បានតែងតាំងកូនប្រុសរបស់ខ្លួន Frederic Arnault ឲ្យឡើងកាន់តំណែងជាប្រធានថ្មីរបស់ក្រុមហ៊ុនធំមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ LVMH។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Frederic វ័យ ២៩ឆ្នាំ ដែលជាកូនទីបួន ក្នុងចំណោមកូនទាំងប្រាំអ្នករបស់លោក Bernard Arnault នឹងត្រូវចូលទៅជំនួសតំណែងរបស់លោក Nicolas Bazire ក្នុងតួនាទីថ្មី នៅក្នុងក្រុមហ៊ុន Financiere Agache ។
ការឡើងកាន់តំណែងចុងក្រោយរបស់លោក Frederic នេះ បានកើតឡើងបន្ទាប់ពីលោក ត្រូវបានតែងតាំងឲ្យធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុន LVMH Watches និងកាលពីអាណត្តិមុន ជានាយកប្រតិបត្តិនៃក្រុមហ៊ុន TAG Heuer ។
គួរឲ្យដឹងផងដែរថា Frederic បានចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមេ LVMH កាលពីក្នុងខែមេសា ដោយបានដើរតាមគន្លងរបស់បងៗ ដូចជា Alexandre , Delphine និង Antoine ផងដែរ។
ជម្រាបថា ការផ្លាស់ប្តូរមុខតំណែងជាបន្តបន្ទាប់នេះ គឺជាផ្នែកមួយនៃយុទ្ធរបស់លោក Bernard Arnault ដើម្បីរៀបចំសម្រាប់ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន នាពេលអនាគត។ រាប់ចាប់តាំងពីដើមឆ្នាំ២០២៣ មក លោក Arnault បានរៀបចំយុទ្ធសាស្ត្រ ដោយដាក់កូនៗរបស់លោក ក្នុងតួនាទីសំខាន់ៗនៅក្នុងក្រុមហ៊ុន ដូចជា Delphine Arnault ត្រូវបានតែងតាំងជា CEO នៃក្រុមហ៊ុន Dior, Antoine តែងតាំងជានាយកគ្រប់គ្រងរូបភាព និងនិរន្តរភាពនៅ LVMH និង Jean Arnault គ្រប់គ្រងលើការផលិតនាឡិកា នៅ Louis Vuitton ជាដើម។