ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Suzuki Motor កាលពីថ្ងៃទី៧ ខែមិថុនា បានប្រកាសថា នឹងបិទរោងចក្រផលិតរថយន្តដែលជារបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅក្នុងប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
រោងចក្រដែលនឹងត្រូវបិទនេះ គឺស្ថិតនៅក្នុងខេត្ត Rayong ប្រទេសថៃ គ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក Suzuki Motor Thailand ដែលបានចាប់ផ្តើមបើកដំណើរការផលិតដំបូង តាំងពីឆ្នាំ២០១២ មក និងមានសមត្ថភាពផលិតបានរថយន្តចំនួន ៦០ ០០០ គ្រឿងក្នុងមួយឆ្នាំ ជាមួយនឹងបុគ្គលិកសរុបប្រមាណ ៨០០ នាក់។
ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងចំពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ កំពុងប្រឈមមុខកាន់តែខ្លាំង ជាមួយនឹងការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនរបស់ចិន នៅក្នុងប្រទេសថៃ ជាពិសេសលើការផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់ប្រភេទ Hybrid ។
គួរឲ្យដឹងផងដែរថា បើទោះបីជាក្រោយការបិទរោងចក្ររបស់ខ្លួនក៏ដោយ តែក្រុមហ៊ុន Suzuki Motor Thailand នឹងនៅតែបន្តដាក់លក់ និងផ្តល់សេវាកម្មផ្សេងៗ ដើម្បីបំពេញតម្រូវការអតិថិជននៅក្នុងប្រទេសថៃ តាមរយៈការនាំចូលរថយន្ត ពីរោងចក្រនៅក្នុងប្រទេសតំបន់អាស៊ានផ្សេងទៀត ក៏ដូចជារោងចក្រក្នុងប្រទេសជប៉ុន និងឥណ្ឌាជាដើម។
ជាមួយគ្នានេះ ក្រុមហ៊ុន Suzuki ក៏បានបន្ថែមឲ្យដឹងទៀតថា ដើម្បីគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាល ស្តីពីអព្យាក្រឹតកាបូន ក្រុមហ៊ុននឹងដាក់បង្ហាញរថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrid របស់ខ្លួន នៅក្នុងប្រទេសថៃ នាពេលអនាគត៕