មហាសេដ្ឋីប្រាក់ពាន់លានដុល្លារលោក Elon Musk បានព្រមានថា នឹងហាមឃាត់ការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ជុំវិញភាពជាដៃគូរបស់ក្រុមហ៊ុន Apple ជាមួយក្រុមហ៊ុន OpenAI ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Times of India ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ហាក់មានការមិនពេញចិត្តជាខ្លាំង ចំពោះភាពជាដៃគូរវាងក្រុមហ៊ុនផលិតទូរស័ព្ទ Apple និងកម្មវិធី ChatGPT របស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI ។
លោក Musk បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា “ជាការបំពានសុវត្ថិភាពមួយ ដែលមិនអាចទទួលយកបាន”។ លើសពីនោះ លោកបានព្រមានថា នឹងហាមឃាត់ការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple នៅក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់តួយ៉ាង Tesla, SpaceX, Starlink និងបណ្តាញសង្គម X ជាដើម។
ការលើកឡើងដូច្នេះ គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន OpenAI ដើម្បីនាំយកមកនូវបច្ចេកវិទ្យា ChatGPT chatbot បំពាក់មកកាន់ផលិតផលរបស់ខ្លួន។ ម្យ៉ាងវិញទៀត នៅចុងឆ្នាំនេះ អ្នកប្រើប្រាស់ iphone, ipad និង Mac នឹងអាចប្រើប្រាស់កម្មវិធី ChatGPT បានដោយឥតគិតថ្លៃនៅលើប្រព័ន្ធ iOS 18, iPadOS18 ហើយនិង macOS Sequoia ផងដែរ៕