ក្រុមហ៊ុនធំៗចំនួន៨ ចាប់អារម្មណ៍ដេញថ្លៃទិញអង្ករស្តុកទុកចោល ១០ឆ្នាំ របស់រដ្ឋាភិបាលថៃ

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មថៃ លោក Wittayakorn Manenetr បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនសរុបចំនួន៨ កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមដៃថ្លៃទិញអង្ករដែលស្តុកទុកចោលអស់រយ:ពេល ១០ឆ្នាំ របស់រដ្ឋាភិបាលថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ អង្គការឃ្លាំងសាធារណៈ (PWO) បានដាក់ផែនការក្នុងការលក់ចេញអង្ករប្រភេទផ្កាម្លិះ ១០០% ចំនួន ១៥ ០០០ តោនដែលនៅសេសសល់ពីគម្រោងកិច្ចសន្យាទិញស្រូវដ៏ចម្រូងចម្រាស តាំងពីសម័យដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោកស្រី Yingluck shinawatra មក។

ទន្ទឹមនឹងនេះ លោក Wittayakorn បាននិយាយថា PWO បានអញ្ជើញក្រុមហ៊ុនដែលចាប់អារម្មណ៍ មកដាក់ឯកសារដើម្បីបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ពួកគេ កាលពីថ្ងៃទី១០ ខែមិថុនា ដោយក្នុងនោះក្រុមហ៊ុននាំចេញចំនួន៨ មកពីខេត្តផ្សេងៗ រួមមាន Kamphaeng Phet, Chai Nat, Nakhon Sawan, Suphan Buri និង Ubon Ratchathani បានមកដាក់ឯកសារដើម្បីដេញថ្លៃទិញ។

គួរឲ្យដឹងផងដែរថា បញ្ជីឈ្មោះក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមដេញថ្លៃ គ្រោងនឹងត្រូវចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនាខាងមុខ ខណ:អ្នកដែលឈ្នះការដេញថ្លៃនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២១ ខែមិថុនា។

ទន្ទឹមនឹងនេះ បើតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai បាននិយាយថា ការដេញថ្លៃនេះត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រហែល ២៧០លានបាត (៧,៣៥លានដុល្លារអាមេរិក) និងកាត់បន្ថយការចំណាយលើការស្តុកទុកដែលមានតម្លៃរហូតដល់ ៣៨០ ០០០បាតក្នុងមួយខែៗ៕