អ្នកឧកញ៉ា ហ៊ុន ឡាក់ ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចុះទស្សនកិច្ចក្រុមហ៊ុនជំនាញ​ផលិតថាមពលកកើតឡើងវិញ នៅអេស្ប៉ាញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ កាលព្រឹក​​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអេស្ប៉ាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ឱ្យដឹងថា ក្រុមហ៊ុន Acciona Energía គឺជាក្រុមហ៊ុនដ៏ធំមួយមាន​ប្រតិបត្តិការ​ទាំងស្រុង អស់រយៈពេលជាង៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។

ក្នុងបទបង្ហាញជូនគណៈប្រតិភូកម្ពុជា ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះ មានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។

សូមជម្រាបជូនថា បច្ចុប្បន្ននេះក្រុមហ៊ុន Acciona Energía មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់​មួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេស​កម្ពុជា​បន្ថែមទៀតផងដែរ៕