គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការសិក្សាបឋមនៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅថ្ងៃទី២៥ ខែមថិនា ឆ្នាំ២០១៩ នេះ អង្គប្រជុំបានពិភាក្សាលើលទ្ធផលនៃការសិក្សាបឋមរបស់ក្រុមការងារ និងបានកំណត់បញ្ហាប្រឈមនានា និងការចាត់វិធានការគោលនយោបាយសំដៅដោះស្រាយបញ្ហាទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងនោះក្រុម ការងារបានកំពុងធ្វើការសិក្សា និងគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ដាក់បញ្ចូលផែនការសកម្មភាពអនុវត្តន៍ជាក់លាក់ទៅក្នុងគម្រោងផែនការមេដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ។
ចំពោះទិសដៅ និងការរៀបចំផែនការមេរួមមាន៖ ការអនុវត្តន៍តាមចក្ខុវិស័យវែងឆ្ងាយ ដោយឈរលើគោលការណ៍ សំខាន់ៗដូចជា តំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត, បរិក្ខារ សម្រាប់រស់នៅលំដាប់ពិភពលោក, បរិស្ថានបៃតង, តំបន់ ឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងគម្រោងបង្កើតជាមជ្ឈមណ្ឌល បណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ជាពិសេសការបង្កើតឲ្យទៅជាតំបន់មជ្ឍមណ្ឌលហិរញ្ញវត្ថុ, ខ្សែក្រវាត់បៃតងកសិកម្ម និងតំបន់លំនៅដ្ឋាន ព្រមទាំងគិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាពស្តង់ដាខ្ពស់ ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ស៊ាវ ស៊ីម៉ា (Xiao SIMA) នាយកវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញស៊ិនជិន, ហៅ កាត់ថា (UPDIS) នៃប្រទេសចិន, បានចែករំលែកពីបទពិសោធន៍នៃគម្រោងអភិវឌ្ឍទីក្រុងនាបណ្តាប្រទេស ជាច្រើនដែល រៀបចំ និងអនុវត្តដោយវិទ្យាស្ថាន UPDIS ក្នុងនោះមានដំណើរការនៃការអភិវឌ្ឍទីក្រុងស៊ិនជិន, ប្រទេសចិន ដែលបាន ប្រែក្លាយពីអតីតតំបន់ភូមិនេសាទ មកជាទីក្រុងមួយដ៏ស្រស់ត្រកាល និងមានហេដ្ឋាចរនាសម្ព័ន្ធទំនើបប្រកបដោយនវានុវត្តន៍ខ្ពស់ ដែលត្រូវបានគេចាត់ទុកថាជាប្រភេទទីក្រុងវ័យឆ្លាត ។ ការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិននេះ គឺមាន ការគិតគូរយ៉ាងល្អិតល្អន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ទាំងហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំសំណង់អគារ, តំបន់ លំនៅដ្ឋាន, ការកំណត់តំបន់ឧស្សាហកម្ម, តំបន់ការពារបរិស្ថានជាដើម ដោយរៀបចំបានយ៉ាងមានរបៀបរៀបរយ និងមានលក្ខណៈច្នៃប្រឌិតខ្ពស់ប្រកបដោយសោភ័ណ្ឌភាព និងផាសុខភាពគួរឱ្យចង់រស់នៅ ៕