មេបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកូរ៉េខាងត្បូង ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ទេរប្រាក់ទៅកាន់កូរ៉េខាងជើង

អន្តរជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងនៅថ្ងៃទី១២ ខែមិថុនា បានចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំងលោក Lee Jae-myung ពីបទជាប់ពាក់ព័ន្ធក្នុងការផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនផលិតខោទ្រនាប់មួយកន្លែង ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីប្រាំឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ The Korean Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Lee Jae-myung

លោក Lee ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ថា បានស្នើសុំឲ្យក្រុមហ៊ុន Ssangbangwool Group ផ្ទេរប្រាក់ចំនួន  ៨លានដុល្លារទៅឲ្យប្រទេសកូរ៉េខាងជើងដោយខុសច្បាប់នៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២០ អំឡុងពេលដែលលោកកំពុងបម្រើការជាអភិបាលខេត្ត Gyeonggi តាមរយៈការផ្ទេរប្រាក់ពីទូរស័ព្ទដៃរបស់អភិបាលរងខេត្តលោក Lee Hwa-young ។

មួយវិញទៀតលោក Lee ក៏បានស្វែងរកដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ដោយគ្មានការយល់ព្រមពីរដ្ឋមន្ត្រីបង្រួបបង្រួម។ យ៉ាងណា ដើម្បីជា​ថ្នូរ​នឹង​ការផ្ទេរប្រាក់លោក Lee បាន​សន្យាថានឹងឲ្យរដ្ឋាភិបាលខេត្ត Gyeonggi ធានាគាំទ្រការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនផលិតខោទ្រនាប់ Ssangbangwool ។

ជាមួយនឹងការចោទប្រកាន់ដូច្នេះ វាកាន់តែធ្វើឲ្យមេដឹកនាំគណបក្សប្រជាធិបតេយ្យដ៏លេចធ្លោរបស់កូរ៉េខាងត្បូង (DPK) រូបនេះប្រឈមមុខចំពោះផ្លូវច្បាប់ថែមមួយកម្រិតទៀត ដ្បិតអីបច្ចុប្បន្នរូបលោកកំពុងតែដោះស្រាយលើសំណុំរឿងចំនួនបី ទាក់ទងនឹងបទសូកប៉ាន់លើគម្រោងអភិវឌ្ឍន៍ ការរំលោភច្បាប់បោះឆ្នោត និងការភូតកុហក។

គួរជម្រាបដែរថា ការសម្រេចចោទប្រកាន់លើមេដឹកនាំគណបក្ស DPK ដូច្នេះ គឺបន្ទាប់ពីអតីតអភិបាលរងខេត្តលោក Lee Hwa-young ត្រូវបានតុលារការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំកន្លះកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយចោទប្រកាន់ពីបទឃុបឃិតក្នុងការផ្ទេរប្រាក់ ៨លានដុល្លាររបស់ក្រុមហ៊ុន Ssangbangwool ដោយគ្មានការអនុញ្ញាតទៅឱ្យកូរ៉េខាងជើង៕

លោក Lee Hwa-young