សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុត។ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពរយៈពេល៥ឆ្នាំ(២០២៤-២០២៨) ជាផ្លូវការផងដែរ។
ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាលនីតិកាលទី៧។ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍សំខាន់មួយចំនួនដែរថា ទោះបីផែនការសកម្មភាព២០២៤-២០២៨ ត្រូវបានដាក់ឱ្យអនុវត្តក៏ពិតមែន ប៉ុន្តែសូមចាត់ទុកផែនការសកម្មភាពនេះគឺជា «ឯកសាររស់» ដែលត្រូវបន្តអនុវត្តបណ្ដើរ ដកបទពិសោធបណ្ដើរ ក្នុងស្មារតីទន់ភ្លន់ និងវៃឆ្លាត ដើម្បីកែសម្រួលទៅតាមស្ថានភាពជាក់ស្ដែង ក្នុងគោលដៅបង្កើនជាប្រចាំនូវស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពនៃការអនុវត្តវិធានការគន្លឹះ។
សម្តេចធិបតី បន្តថា ក្នុងគោលដៅបង្កើនស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាពខ្ពស់។ លើសពីនេះ សម្តេចធិបតី ក៏បានស្នើឱ្យក្រសួង-ស្ថាប័នទាំងអស់ ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ និងវិភាគមុខងារ ជាលក្ខណៈរួមឱ្យបានរួចរាល់ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដើម្បីអនុវត្តការវិភាគមុខងារនេះឱ្យបានចប់សព្វគ្រប់នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២៤នេះ។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានស្នើគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ តាមរយៈការអនុវត្តវិធានការពាក់ព័ន្ធនឹងការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ស្របតាមសារាចរណែនាំស្ដីពីការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័នផងដែរ។
ជាថ្មីម្តងទៀត សម្តេចធិបតី បានបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈម្នាក់ឯងនោះទេ គឺជាការងាររបស់ក្រសួង-ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ដូច្នេះ ការគាំទ្ររបស់ក្រសួង-ស្ថាប័ន គឺមិនគ្រប់គ្រាន់ទេ តែត្រូវការការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕