យោងតាមសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានបង្ហាញឲ្យដឹងថា ការនាំចេញផលិតផលជលផលរបស់ខ្លួន រំពឹងថានឹងឈានដល់ចំនួន ៤,៤ពាន់លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ ពោលគឺកើនឡើង ៦% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ កើបប្រាក់ចំណូលសរុបបាន ៣,៦ពាន់លានដុល្លារ រួចទៅហើយ ពីការនាំចេញផលិតផលជលផលរបស់ខ្លួន ទៅកាន់ទីផ្សារបរទេស នៅក្នុងរយ:ពេល ៥ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើង ៦,៥% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។
គួរឲ្យដឹងថា ទីផ្សារនាំចេញភាគច្រើនសុទ្ធសឹងតែបានបង្ហាញពីសញ្ញានៃការងើបឡើងវិញទាំងតម្រូវការ និងតម្លៃ ដោយការដឹកជញ្ជូនផលិតផលនេសាទ ទៅកាន់សហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប និងកូរ៉េខាងត្បូង បានប្រកាសពីកំណើនវិជ្ជមានចន្លោះពី ៥% ទៅ ២៦% នៅក្នុងខែឧសភា។
ទន្ទឹមនឹងនេះ គិតត្រឹមដំណាច់ខែឧសភា ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ១៣% ដល់ចំនួន ៦៣៥លានដុល្លារ ខណៈការនាំចេញទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប បានមើលឃើញពីការកើនឡើងតិចតួច ចន្លោះពី ៣% ទៅ៤% ។
ជម្រាបជូនថា ដើម្បីអាចសម្រេចបាននូវគោលដៅដែលបានកំណត់ សម្រាប់ប្រាក់ចំណូលនាំចេញផលិតជលផលពេញមួយឆ្នាំ ឲ្យបាន ១០ពាន់លានដុល្លារ ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បានស្នើឲ្យថ្នាក់ដឹកនាំតំបន់នានា រួមដៃជាមួយសហគ្រាស និងសមាគមដើម្បីរក្សាភាពជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍទីផ្សារ សម្រាប់ផែនការផលិតកម្មសមហេតុផលមួយ៕