រាជរដ្ឋាភិបាល បានបើកច្រក និងបើកឱកាសឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីពង្រឹងធនធានមនុស្សកម្ពុជា ខណៈគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងអស់ រាប់ចាប់ពីថ្នាក់មតេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា គឺជាមេទ័ពជួរមុខ ក្នុងការជំរុញ និងពង្រឹងធនធានមនុស្សកម្ពុជា។
នេះបើយោងតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ លីមកុកវីង សរុបចំនួន ៥៤០ នាក់ ( នារី ២៧៣ នាក់) នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េង ហួត នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនធានមនុស្ស ជាកត្តាសំខាន់ណាស់ដែលអាចធ្វើឱ្យប្រទេសយើងមានឯករាជ្យ។ ពីមុនយើងរៀបចំផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវពឹងផ្អែកលើប្រទេសដែលជាដៃគូជួយ ប៉ុន្ដែពេលនេះតាំងពីយុទ្ធសាស្រ្ដចតុកោណ និងបញ្ចកោណដំណាក់កាលទី១នេះ គឺរៀបចំឡើងដោយកូនខ្មែរខ្លួនឯង។
ទន្ទឹមគ្នានេះ សម្តេចធិបតី អះអាងថា កឡើងជាថ្មីម្តងទៀតថា ការអភិវឌ្ឍរីកចម្រើន បើគ្មានធនធានមនុស្ស គឺមិនអាចមានចីរភាព និងនិរន្តរភាពឡើយ ហើយកុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ។
ហេតុនេះ ដើម្បីពង្រឹង និងកសាងធនធនមនុស្សប្រកបដោយគុណភាពទៅបាន រដ្ឋាភិបាលនិតិកាលអាណត្តិទី៧នេះ បានបើកទូលាយឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការពង្រឹងគុណភាពគ្រឹះស្ថានឧត្តមសិក្សាគ្រប់កម្រិតទាំងអស់ រាប់ចាប់ពីថ្នាក់មតេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា ព្រោះគ្រឹះស្ថានឧត្តមសិក្សា ប្រៀបបានដូចជា មេទ័ពជួរមុខ និងជាត្រីវិស័យតម្រង់ទិសដ៏សំខាន់ ក្នុងការជំរុញ និងពង្រឹងធនធានមនុស្សកម្ពុជាឱ្យត្រចះត្រចង់ឡើង៕ អត្ថបទ៖ រង្សី