សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «កុំធ្វើជាមនុស្សទឹកកក ត្រូវធ្វើជាមនុស្សរស់រវើក»

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំណាស់ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ទៅលើ សុខភាព និងការអប់រំ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការលើកទឹកចិត្តទៅកាន់យុវជន និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ត្រូវតែធ្វើជាមនុស្សសកម្ម ពោលគឺ«កុំធ្វើជាមនុស្សទឹកកក តែត្រូវធ្វើជាមនុស្សរស់រវើក»ទើបប្រទេសជាតិរីកចំរើនទៅមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ លីមកុកវីង សរុបចំនួន ៥៤០ នាក់ ( នារី ២៧៣ នាក់) នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េង ហួត នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំត្រឹមតែជាអ្នកដាក់ចេញនូវគោលនយោបាយ គោលការណ៍ និងការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់តែម្ដង។

ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំណាស់ទៅលើការអភិវឌ្ឍធនធានមនុស្សហើយនោះ គឺយើងម្នាក់ៗ ពិសេសយុវជន និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែធ្វើជាធនធានមនុស្សរស់រវើក កុំធ្វើជាមនុស្សទឹកកក។ មានតែធនធានមនុស្សដែលរស់រវើកទេ ទើបអាច ចែករំលែកឱ្យគ្នាទៅវិញទៅមកនៅកន្លែងការងារនីមួយៗ ហើយធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនទៅបាន។

ដូច្នេះ សម្តេចអះអាងទៀត មនុស្សរស់រវើក ធ្វើឱ្យមានភាពសកម្ម មានស្មារតីច្បាស់លាស់ មានសកម្មភាពពិតប្រាកដ ហើយធ្វើឱ្យមានសន្តិភាព និងប្រទេសជាតិមានការរីកចំរើនពិតប្រាកដ៕ អត្ថបទ​៖ រង្សី