រដ្ឋាភិបាលដាណឺម៉ាក បញ្ជាប្រមូលមីកញ្ចប់របស់កូរ៉េខាងត្បូង ចូលស្តុកវិញ ដោយសារហឹរខ្លាំងពេក

អន្តរជាតិ

ទីភ្នាក់ចំណីអាហាររបស់ប្រទេសដាណឺម៉ាក បានបញ្ជាឲ្យក្រុមហ៊ុនផលិតមីកញ្ចប់របស់ប្រទេសកូរ៉េខាងត្បូង Samyang Foods ប្រមូលផលិតផលរបស់ពួកគេចូលស្តុកវិញជាបន្ទាន់ ដោយសារតែមានកម្រិតហឹរខ្លាំងពេកដែលអាចបង្ករឲ្យអ្នកបរិភោគពុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ចំណីអាហាររបស់ប្រទេសដាណឺម៉ាក ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនាកន្លងទៅថា ផលិតផលមីកញ្ចប់របស់ក្រុមហ៊ុន Samyang ចំនួនបីប្រភេទត្រូវបានវាយតម្លៃឃើញថាមានកម្រិតគ្រោះថ្នាក់នៃសារធាតុហឹរ capsaicin ដែលមាននៅក្នុងមីច្រើនពេក។

គួរឲ្យដឹងផងដែរថា ផលិតផលចំនួន ៣ប្រភេទរបស់ក្រុមហ៊ុន Samyang ដែលមានដូចជា Buldak 3x Spicy & Hot Chicken, 2x Spicy & Hot Chicken និង Hot Chicken Stew កំពុងត្រូវបានអាជ្ញាធរបញ្ជាឲ្យប្រមូលចូលស្តុកវិញ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន​ Samyang Foods បាននិយាយថា នេះវាជាលើកទីមួយហើយដែលផលិតផលរបស់ខ្លួនត្រូវបានប្រមូលមកវិញ ដោយសារតែមានកម្រិតហឹរខ្លាំងពេក ខណ:បច្ចុប្បន្នផលិតផលរបស់ខ្លួន កំពុងទទួលបានការពេញនិយមខ្លាំង និងត្រូវបាននាំចេញនៅជុំវិញពិភពលោក។

ជម្រាបថាផលិតផល Samyang មានការពេញនិយមយ៉ាងខ្លាំង ជាពិសេសនៅក្រៅប្រទេស ដោយប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន បានកើនឡើងខ្ពស់បំផុតរហូតដល់ទៅជាង ១១០លានដុល្លារ គិតក្នុងឆ្នាំ២០២៣ កន្លងទៅ៕