រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានថ្លែងអំណរគុណដល់ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក Prabowo Subianto ដែលបានប្រកាសផ្តល់ជំនួយ ទៅកាន់តំបន់ហ្កាហ្សាដែលកំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារសង្គ្រាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
ក្នុងអំឡុងកិច្ចប្រជុំមួយក្នុងប្រទេសហ្ស៊កដានី លោក Prabowo បានសន្យាថានឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ប្រសិនបើបទឈប់បាញ់ដែលគាំទ្រដោយអង្គការសហប្រជាជាតិត្រូវបានដាក់ឲ្យដំណើរការ និងថែមទាំងសន្យាបង្កើនការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនេះ លោក Blinken ក៏បានអបអរសាទរដល់លោក Prabowo ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី នៅក្នុងការឈ្នះឆ្នោតសម្រាប់តំណែងជាប្រធានាធិបតីថ្មី និងបានពិភាក្សាអំពីគំនិតផ្តួចផ្តើមបទឈប់បាញ់ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយរំពឹងថានឹងអាចផ្តល់ផលប្រយោជន៍ទាំងប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ជាមួយគ្នានេះ លោក Prabowo បាននិយាយផងដែរថា ប្រទេសឥណ្ឌូណេស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនក្រុមគ្រូពេទ្យ និងជំនួយផ្នែកវេជ្ជសាស្រ្តផ្សេងៗទៀត ទៅកាន់តំបន់ហ្កាហ្សាដែលកំពុងរងការវាយប្រហារដោយសង្រ្គាម៕