សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមោទនភាពចំពោះកូនខ្មែរ ដែលបច្ចុប្បន្នមានសមត្ថភាពមិនចាញ់បរទេសប៉ុន្មាននោះទេ ជាក់ស្តែងដូចជា សណ្ឋាគារ Sun and Moon ជាដើម ឃើញថា គឺបានរចនាសាងសង់ឡើងដោយស្នាដៃកូនខ្មែរផ្ទាល់។សម្តេចធិបតី ចាត់ទុកថា ចំណុចនេះ ពិតជាបានសរបញ្ជាក់ពីធនធានមនុស្សខ្មែរ គឺពិតជាសំខាន់សម្រាប់កសាងនៅឯករាជ្យជាតិដោយមិនចាំបាច់រស់ពឹងដង្ហើមគេដក។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ លីមកុកវីង សរុបចំនួន ៥៤០ នាក់ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េង ហួត កាលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កូនខ្មែរបច្ចុប្បន្នមានសមត្ថភាពមិនចាញ់បរទេសប៉ុន្មាននោះទេ ពួកគេបានចេញទៅប្រកួតប្រជែងក្នុងកម្រិតតំបន់ និងអន្តរជាតិ ដោយបានពាំនាំជ័យលាភីមកកាន់កម្ពុជាថែមទៀត។
ទន្ទឹមគ្នានោះ សម្តេចធិបតី ក៏បានបង្ហាញពីសមត្ថភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគឺពឹងលើខ្លួនឯង ជាក់ស្តែងកាលពីថ្មីៗនេះ សម្តេចបានទៅ សណ្ឋាគារ Sun and Moon ដែលអ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាម្ចាស់ឃើញថា សណ្ឋាគារនេះ គឺកូនខ្មែរជាអ្នករចនា និងអ្នកដឹកនាំធ្វើ។
លើសពីនេះ សម្តេចធិបតី ក៏បានរម្លឹកពីអគារធ្វើការរបស់នាយករដ្ឋមន្រ្តី ដែលសម្តេចតេជោ ហ៊ុន សែន មានមោទនភាពធំដែលយើងធ្វើពីមុនគឺ អគារ វិមានសន្តិភាព ហើយនេះក៏ជាសមិទ្ធផលធ្វើឡើងដោយដៃកូនខ្មែរផងដែរ។
សូមបញ្ជាក់ផងដែរថា សណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) បានប្រកាសសម្ពោធបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។សណ្ឋាគារលំដាប់ផ្កាយ ៥ មួយនេះសាងសង់ឡើងលើផ្ទៃដីទំហំ ប្រមាណ ១ម៉ឺនម៉ែត្រការ៉េ ដោយមានអាគារកម្ពស់ ៩៩,៩ម៉ែត្រ និងមានជាង ២០០ បន្ទប់គេង ដែលផ្នែកខាងក្នុងបន្ទប់មានបំពាក់សុទ្ធតែសម្ភារៈ និងប្រព័ន្ធសុវត្ថិភាព ស្តង់ដារអន្តរជាតិ។
សណ្ឋាគារ SUN & MOON, Riverside Hotel តម្លៃប្រមាណ ៦០លានដុល្លារ ដែលអ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាម្ចាស់កម្មសិទ្ធនោះបច្ចុប្បន្នកំពុងឈរជើង បង្អួតសម្រស់ ប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុន្នីវង្ស ក្បាល់ថ្នល់ ក្នុងខណ្ឌច្បារអំពៅ ជាសណ្ឋាគារលំដាប់ផ្កាយ ៥ លំដាប់អន្តរជាតិ និងទទួលស្គាល់ដោយ ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗកន្លងទៅផងនោះ បាននឹងកំពុងរួមចំណែកលើកកម្ពស់មុខមាត់វិស័យទេសចរ និងបដិសណ្ឋារកិច្ចនៅកម្ពុជាឱ្យកាន់តែលេចធ្លោ មិនចាញ់សណ្ឋាគារនៅបរទេសឡើយ៕ អត្ថបទ៖ រង្សី