ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនមហាសេដ្ឋីពិភពលោកតែងតែមានការកើនឡើងជាលំដាប់ ដោយនៅឆ្នាំ២០២៤ នេះមហាសេដ្ឋីមានចំនួនសរុបរហូតដល់ទៅ ២ ៧៨១នាក់ដោយកើនឡើងច្រើនជាងឆ្នាំមុនចំនួន ១៤១នាក់ ខណៈទ្រព្យសម្បត្តិរបស់ពួកគេសរុបបញ្ចូលគ្នាមានចំនូនដល់ទៅ ១៤,២ទ្រីលានដុល្លារកើនលើសឆ្នាំ២០២៣ ដល់ទៅ ២ទ្រីលានដុល្លារឯណោះ។
ទ្រព្យសម្បត្តិទាំងអស់របស់មហាសេដ្ឋីសរុបជាង ១៤ទ្រីលានដុល្លារនេះ ភាគច្រើនគឺមានការរួមចំណែកដ៏សំខាន់ពីកំពូលមហាសេដ្ឋីមានដាច់គេទាំង ២០រូបដំបូងក្នុងបញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes ពោលទ្រព្យសម្បត្តិទាំងនោះមានចំនួនសរុបរហូតដល់ទៅ ៧០០ពាន់លានដុល្លាររាប់គិតចាប់តាំងពីឆ្នាំ២០២៣ មក។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្នមហាសេដ្ឋីរបស់សហរដ្ឋអាមេរិកមានចំនួន ៨១៣នាក់ រីឯទ្រព្យសម្បត្តិមានខ្ទង់ប្រមាណ ៥,៧ទ្រីលានដុល្លារ។ ទន្ទឹមនឹងនោះ ប្រទេសចិនមានចំនួនមហាសេដ្ឋី ៤៧៣នាក់ មានទ្រព្យសម្បត្តិប្រមាណ ១,៧ទ្រីលានដុល្លារ ស្របពេលដែលប្រទេសឥណ្ឌាវិញក៏មានមហាសេដ្ឋីចំនួន ២០០នាក់ ខណៈឯទ្រព្យសម្បត្តិសរុបមានចំនួន ៩៥៤ពាន់លានដុល្លារ។
តាមរយៈបញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes ចុះថ្ងៃទី១៤ ខែមិថុនា បានឲ្យដឹងថា កំពូលអ្នកមានដាច់គេនៅលើពិភពលោកគឺមហាសេដ្ឋីអាមេរិក Elon Musk ដែលកំពុងកាន់កាប់ក្រុមហ៊ុនធំៗចំំនួន៦ និងមានទ្រព្យសម្បត្តិរហូតដល់ទៅ ២១២,៨ពាន់លានដុល្លារ៕