អ្នកមានបំផុតនៅអាស៊ី ផ្តួល Elon Musk ដើម្បីបើកដំណើរការប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប នៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់មហាសេដ្ឋីមានបំផុតនៅក្នុងតំបន់អាស៊ី លោក Mukesh Ambani ថ្មីៗនេះ បានយកឈ្នះការប្រកួតប្រជែងជាមួយក្រុមហ៊ុន Starlink របស់មហាសេដ្ឋីពិភពលោក Elon Musk ដើម្បីទទួលបានការយល់ព្រមពីនិយតករអវកាសរបស់ប្រទេសឥណ្ឌា ក្នុងការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មអ៊ីនធឺណិត នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Jio Platforms ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Reliance Industries ដឹកនាំដោយមហាសេដ្ឋីអាស៊ី Mukesh Ambani និងក្រុមហ៊ុន SES របស់ប្រទេសលុចសំបួ បានទទួលការយល់ព្រមពីរដ្ឋាភិបាលឥណ្ឌា សម្រាប់គោលបំណងផ្តល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនតាមរយៈផ្កាយរណប ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ទូទាំងប្រទេស។

​យោងតាមមន្ត្រីរដ្ឋាភិបាល បានបង្ហាញឲ្យដឹងទៀតថា មជ្ឈមណ្ឌលផ្សព្វផ្សាយ និងអនុញ្ញាតអវកាសជាតិឥណ្ឌា ហៅកាត់ IN-SPACe បានយល់ព្រមទៅលើកិច្ចព្រមព្រៀងចំនួនបី សម្រាប់ក្រុមហ៊ុនរបស់លោក Ambani នៅអំឡុងខែមេសា និងមិថុនា ដើម្បីអនុញ្ញាតឲ្យដាក់ទីតាំងផ្កាយរណប នៅពីលើប្រទេសឥណ្ឌា។

គួរឲ្យដឹងថា ក្រៅតែពីក្រុមហ៊ុន Reliance មានក្រុមហ៊ុនសកលជាច្រើនទៀត ដូចជា Kuiper របស់ Amazon និង Starlink របស់មហាសេដ្ឋី Elon Musk ក៏កំពុងប្រកួតប្រជែងគ្នា ដើម្បីទទួលបានការយល់ព្រមពីរដ្ឋាភិបាល ក្នុងការបើកដំណើរការសេវាកម្មអ៊ីនធឺណិតតាមរយ:ផ្កាយរណបរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ផងដែរ។

ជម្រាបផងដែរថា យោងតាមក្រុមហ៊ុន Deloitte បានព្យាករថាទីផ្សារផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ប្រទេសឥណ្ឌា អាចនឹងកើនឡើង ៣៦% ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយអាចឈានដល់តម្លៃ ១,៩ពាន់លានដុល្លារ នៅឆ្នាំ២០៣០៕