លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសបន្តចែកអាវកាក់ជូនអ្នកសារព័ត៌មានបន្ថែមទៀត សម្រាប់អ្នកដែលមិនទាន់ទទួលបាន បន្ទាប់ពីបានចែកជូនអស់ចំនួន ៤០០អាវមកហើយ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា អាវកាក់សម្រាប់អ្នកសារព័ត៌មានចំនួន ៤០០ ត្រូវបានចែកជូនបងប្អូនអ្នកសារព័ត៌មានរួចហើយ។ ក្រសួងព័ត៌មាននឹងទទួលបាននូវអាវកាក់បន្ថែមទៀត ហើយសម្រាប់បងប្អូនដែលមិនទាន់បានទទួល អាចទំនាក់ទំនងទៅក្រសួងព័ត៌មានចាប់ពីពេលឥឡូវនេះតទៅ។ នៅពេលក្រសួងបានទទួលអាវកាក់នេះ នឹងបន្តចែកជូនបងប្អូនអ្នកសារព័ត៌មាន។
គួរបញ្ជាក់ថា អាវកាក់ចំនួនជាង៤០០ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam Sardar Umar ប្រគល់ជូនដល់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ ការប្រគល់អាវកាក់នេះ គឺស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល។
លោក នេត្រ ភក្ត្រា ធ្លាប់បានថ្លែងថា អាវកាក់អ្នកសារព័ត៌មាននេះ ជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈ ធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌មាន បង្កើនសុចរឹតភាពក្នុងការប្រមូលព័ត៌មាន និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសមត្ថកិច្ច ក្នុងការការពារពួកគាត់ក្នុងពេលចុះយកព័ត៌មាន អំឡុងពេលមានប្រឈមមុខដាក់គ្នាជាដើម។ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សុវត្ថិភាពរបស់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មាន ជាកិច្ចការសំខាន់ដែលក្រសួងព័ត៌មានយកចិត្តទុកដាក់៕