អាស៊ាន គឺជាតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលមានកំណើនជឿនលឿនគួរឲ្យកត់សម្គាល់ទូទាំងសកលលោក ខណៈនៅទីនេះក៏សំបូរទៅដោយមហាសេដ្ឋីលុយពាន់លានដុល្លារជាច្រើនរូបផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ក្នុងចំណោមកំពូលមហាសេដ្ឋីជាង ១០០នាក់ ក្នុងនោះមហាសេដ្ឋី Prajogo Pangestu ជាកំពូលអ្នកមានបំផុតប្រចាំតំបន់អាស៊ាន។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកំពូលមហាសេដ្ឋីមានបំផុតប្រចាំប្រទេសនីមួយៗក្នុងតំបន់អាស៊ាន ដោយយោងតាមទិន្នន័យពីទស្សនាវដ្ដី Forbes៖
- អ្នកមានដាច់គេបង្អស់ប្រចាំឥណ្ឌូណេស៊ី និងក៏ជាអ្នកមានដាច់គេនៅក្នុងតំបន់អាស៊ានផងដែរនោះគឺលោក Prajogo Pangestu ដែលមានទ្រព្យសម្បត្តិខ្ទង់ ៥៤,៧ពាន់លានដុល្លារ ខណៈរូបលោកជាម្ចាស់ក្រុមហ៊ុន Barito Pacific រកស៊ីលើវិស័យគីមីឥន្ធនៈ និងថាមពល។
2. ព្រះចៅ ស៊ុលតង់ ហាសេណាល់ បុលគីយ៉ាស់ គឺជាអ្នកមានដាច់គេនៅក្នុងប្រទេសប្រ៊ុយណេ ពោលទ្រង់មានទ្រព្យសម្បត្តិប្រហែល ២៨ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់ព្រះអង្គគឺបានមកពីវិស័យឧស្សហកម្មប្រេង និងហ្គាសដ៏សម្បូរបែបនៅក្នុងប្រទេស។
3. នៅសិង្ហបុរីអ្នកមានដាច់គេនោះគឺលោក Li Xiting ជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Shenzhen Mindray Bio-Medical Electronics ដែលជាក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់ជាអ្នកផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រទៅកាន់មន្ទីពេទ្យ ខណៈឯទ្រព្យសម្បត្តិរបស់លោកនាពេលបច្ចុប្បន្នមានចំនួនសរុបប្រមាណ ១៥,២ពាន់លានដុល្លារ។
4. លោក Dhanin Chearavanont គឺជាអ្នកមានដាច់គេប្រចាំប្រទេសថៃ ដោយទ្រព្យសម្បត្តិរបស់លោកមានចំនួន ១២,៥ពាន់លានដុល្លារ។ មហាសេដ្ឋីរូបនេះជាម្ចាស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ដែលជាក្រុមហ៊ុនផលិតចំណីសត្វ និងបសុសត្វដ៏ធំបំផុតមួយរបស់ពិភពលោក។
5. អ្នកមានដាច់គេនៅម៉ឡេស៊ីគឺលោក Robert Kouk ដែលមានទ្រព្យសម្បត្តិប្រមាណ ១១,៨ពាន់លានដុល្លារ។ រូបលោកជាម្ចាស់ក្រុមហ៊ុន Kouk Group រកស៊ីលើវិស័យមួយចំនួនដូចជាសណ្ឋាគារ អចលនទ្រព្យ និងទំនិញជាដើម។
6. លោក Manuel Villar គឺជាអ្នកមានដាច់គេនៅហ្វីលីពីន ពោលលោកមានទ្រព្យសម្បត្តិចំនួន ១១,៤ពាន់លានដុល្លារ ខណៈប្រភពចំណូលដ៏សំខាន់គឺបានមកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Vista Land & Lifescapes ។
7. អ្នកមានដាច់គេប្រចាំប្រទេសវៀតណាមគឺលោក Pham Nhat Voung ដែលមានទ្រព្យសម្បត្តិប្រមាណ ៤,២ពាន់លានដុល្លារ សព្វថ្ងៃជាប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់វៀតណាម VinFast ។
គួរបញ្ជាក់ថា បណ្តាប្រទេសមួយចំនួនផ្សេងទៀតរួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ពុំមានប្រភពទិន្នន័យច្បាស់លាស់ណាមួយអាចបញ្ជាក់ពីបុគ្គល ឬទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីប្រចាំប្រទេសបាននោះទេ ដូច្នេះហើយ Oknha News ពុំអាចចុះផ្សាយអំពីព័ត៌មានលម្អិតបាននោះឡើយ៕