អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៊ឹង ហ្វោនដេហ្ស៊ិន (ING Foundation) បច្ចុប្បន្នជាព្រះភិក្ខុជោតញ្ញាណោ អ៊ឹង ប៊ុនហូវ បានបរិច្ចាគដីដែលមានទំហំជាង២០០ហិកតាបន្ថែមទៀត ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីពង្រីកសាកលវិទ្យាល័យមួយនេះនៅខេត្ដកំពង់ឆ្នាំង។
ការបរិច្ចាគដីជាបន្ដបន្ទាប់របស់អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះ គឺដោយសារអ្នកឧកញ៉ា មានសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា។ សម្រាប់ដីដែលបានបរិច្ចាគនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងប្រើប្រាស់សម្រាប់ការសាងសង់ជាអគារពុទ្ធិកសាកលវិទ្យាល័យ អគារបណ្ណាល័យសិក្សា អគាររដ្ឋបាល វិទ្យាស្ថានស្រាវជ្រាវ អគារអន្តេវាសិក រួមទាំងសំណង់ សិល្បការ្យ និងសំណង់ស្ថាបត្យកម្មផ្សេងទៀតតាមតម្រូវការរបស់ពុទ្ធិកសកលវិទ្យាល័យ។
លើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មានសង្ឃដីកាថា« ខ្ញុំព្រះករុណាអាត្មាភាពភិក្ខុ ជោតញ្ញាណោ អ៊ឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារមានសទ្ធាជ្រះថ្លាបាននិមន្តសម្តេចអរិយវង្សបណ្ឌិត យ៉ន សៀងយៀត និងព្រះសង្ឃច្រើនអង្គដើម្បីប្រគេនទានដោយចិត្តជ្រះថ្លាក្រៃលែង។ ទន្ទឹមនឹងនោះ ខ្ញុំព្រះករុណាអាត្មាភាព និងគ្រួសារមានក្តីសោមនស្សរីករាយបានប្រគេនដីដល់សម្តេចដើម្បីរៀបចំចាត់ចែងជាប្រយោជន៍ព្រះពុទ្ធសាសនាចំនួន ២០០ ហិកតា»។
ភិក្ខុ ជោតញ្ញាណោ អ៊ឹង ប៊ុនហ៊ូវ មានសង្ឃដីកាបន្ដថា «ដោយអានុភាពនៃសេចក្តីជ្រះថ្លាបានសាងព្រះផ្នួសបួសរយៈពេលខ្លី បានបដិបត្តិធ្វើសមាធិព្រឹក ល្ងាច និងការសិក្សាព្រះធម៌ ព្រមទាំងកុសលថ្នាក់ទានជារៀងរាល់ថ្ងៃ។ សូមបុណ្យកុសលនេះឧទ្ទិសជូនដល់ញោមឪពុកបានទៅកាន់សុគតិភព សូមជូនដល់ញោមម្តាយទាំងពីរមានសុខភាពល្អ ញោមស្រី កូនប្រុសស្រី និងសូមជូនបុណ្យកុសលនេះដល់សប្បុរសជនទាំងឡាយ ដែលចូលរួមជ្រះថ្លាក្នុងបុណ្យកុសលនេះ បានសេចក្តីសុខ សេចក្តីចម្រើន»។
សូមជម្រាបជូនថា ព្រះភិក្ខុជោតញ្ញាណោ អ៊ឹង ប៊ុនហូវ កាលពីពេលថ្មីៗកន្លងទៅទើបតែបានបរិច្ចាគដីមានទំហំ២២.៤២៨ ម៉ែត្រការ៉េ ដល់ពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅតាមបណ្តោយមហាវិថី ឈុន គង់ តំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕