លោកអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានឃុំចំនួន ៧ នៅខេត្តកំពង់ធំ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ​​នាព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ​​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីប្រកាសសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និង ឃុំទាំង ៧ នៃស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រកាសសមាសភាពក្រុមការងារ​ចុះមូលដ្ឋាន​ឃុំទាំង៧​នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រី ជាសមាជិក សមាជិកាក្រុមការងារថ្នាក់ខេត្ត និងជាប្រធាន អនុប្រធាន សមាជិក សមាជិកា​គណបក្សស្រុក និងគណបក្សឃុំចូលរួមប្រមាណ ៧០០ នាក់។

បន្ទាប់ពីការប្រកាសសេចក្តីសម្រេចសមាសភាពថ្នាក់ដឹកនាំ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក​ប្រាសាទ​បល្ល័ង្គ រួចមក លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារថ្នាក់ ស្រុក ឃុំ និងអាជ្ញាធរទាំងអស់ ដែលបានខិតខំបំពេញការងារ អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្ដរបស់​រាជរដ្ឋា​ភិបាល សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំខាន់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ធ្វើឱ្យ​ខេត្តទទួលបានជ័យជំនះត្រចះត្រចង់។

លោកអ្នកឧកញ៉ា ក៏បានស្នើឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ បន្តបម្រើ​មូលដ្ឋានអស់ពីចិត្តពីថ្លើម បន្តអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់​គណបក្សប្រជាជនកម្ពុជា និងអនុវត្តឲ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់គណបក្ស។

ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា ទ្រី ភាព​ ប្រធានក្រុមការងារគណបក្សស្រុក​ប្រាសាទបល្ល័ង្ក​ ​ក៏បាននាំ​យក​នូវអំណោយជាថវិកាប្រគល់ជូនគណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងសជិកសមាជិកា ដែល​អញ្ជើញចូលរួមផងដែរ ដែលសរុបជាទឹកប្រាក់អស់ប្រមាណជា ១៤០.០០០.០០០ រៀល ព្រមទាំង​ចូលរួមពិសារ​អាហារ​សាមគ្គីជាមួយប្រធាន អនុប្រធាន និងសមាជិក សមាជិកាគណបក្សប្រកបដោយភាពស្និតស្នាល។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ​​បាន​ចេញ​សេចក្តីសម្រេច​ចាត់តាំង លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ជាអនុប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋាន​ខេត្តកំពង់ធំ ដែលមានលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ជាប្រធាន ​​កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ លើសពីនេះ លោក​អ្នកឧកញ៉ា ក៏​ទទួលបាន​ការ​តែងតាំង​ជា​ បេសកជនពិសេស របស់​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃ​ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕