អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប (Sokimex Investment Group) ជាអ្នកជំនួញចាស់វស្សាមួយរូប ដែលបានចាប់ផ្តើមចេញរកស៊ីដំបូងពីដើមទុនបន្តិចបន្តួច រហូតកសាងកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺបង្កើតបានជាក្រុមហ៊ុនជាច្រើនក្នុងពិភពជំនួញពហុវិស័យនៅកម្ពុជា។
តាមរយៈវីដេអូឃ្លីបបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ឧកញ៉ា សុខ ចន្ថា កូនស្រីអ្នកឧកញ៉ា សុខ គង់ កាលពីដើមខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញពី ៩ចំណុចពិសេសរបស់ អ្នកឧកញ៉ា សុខ គង់ ក្នុងការផ្តល់ជំនឿចិត្ត បង្ហាញពីការទទួលខុសត្រូវ និងកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ ដូចខាងក្រោម៖
១. ចុះធ្វើដោយខ្លួនឯង ពេញដៃពេញជើង ជាបទពិសោធន៍ រៀនសូត្រពីការងារ
២. ច្នៃប្រឌិត បង្កើតថ្មី ចាប់យកឱកាស សម្រេចចិត្តឱ្យលឿន
៣. កុំខ្លាចការនឿយហត់ ម៉ោងណាពេលណា ក៏ជាពេលការងារដែរ
៤. ព្យាយាម ពុះពារ កុំបោះបង់ពេលជួបការលំបាក ឬឧបសគ្គ ព្រោះរឿងអ្វីក៏មានដំណោះស្រាយ
៥. តាំងចិត្តថា ត្រូវតែធ្វើឱ្យបានសម្រេចគោលដៅ
៦. គិតវិជ្ជមាន និងជឿជាក់លើខ្លួនឯង
៧. សិក្សា ស្រាវជ្រាវ ឈ្វេងយល់ អភិវឌ្ឍសមត្ថភាព កាំបិតមិនមុត ត្រូវតែព្យាយាមសំលៀង
៨. ស្មោះត្រង់ យកចិត្តទុកដាក់ ដើម្បីកសាងកេរ្តិ៍ឈ្មោះ
៩. ធ្វើឱ្យគេមើលឃើញ ឱ្យគេជឿជាក់លើយើង។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ធ្លាប់បានបង្ហើបឱ្យដឹងអំពីជីវប្រវត្តិរបស់លោកថា លោកបានចាប់ផ្តើមរៀនរកស៊ី តាំងពីសម័យសង្គ្រាមឆ្នាំ១៩៧៣ ដោយពេលនោះលក់អង្ក សាំង ប្រេង អំបិល និងដូរជ្រូកជាដើម មុនត្រូវជាប់ពន្ធនានៅវៀតណាមជាង ៧ខែ។ លុះដល់ឆ្នាំ១៩៧៩ លោកក៏បានវិលត្រឡប់មកទីក្រុងភ្នំពេញ ដែលដំបូងឡើយរកស៊ីបន្តិចបន្តួចនៅលើទូក តែមិនសមប្រកប។ បន្ទាប់មកទៀត លោកក៏បានឡើងមករកស៊ីលើដីគោកវិញ ដោយកិនកៅស៊ូ ធ្វើសំបកកង់ឡាន លក់ទៅវៀតណាម និងមានដើមទុន ត្រឹមតែ មាស១ជី។ ក្រោយមកទាហានក៏កម្ម៉ង់ឱ្យធ្វើស្បែកជើងកង់ឡាន ឱ្យកងទ័ពចំនួន ៥ម៉ឺនគូ ដែលពេលនោះហើយលោកទទួលបានមាសដល់ ១០០ជី ដើម្បីធ្វើជាដើមទុនវិនិយោគលើមុខជំនួញផ្សេងៗទៀត។
បច្ចុប្បន្ន អ្នកឧកញ៉ា សុខ គង់ គឺជាម្ចាស់ក្រុមហ៊ុនសូគីមុិច អុិនវេសមេន គ្រុប ដែលកំពុងតែប្រតិបត្តិការយ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើអាជីវកម្មមួយចំនួនដូចជា៖ ស្ថានីយ៍ប្រេងឥន្ទនៈសូគីមុិច សណ្ឋាគារសុខាដែលមានរហូតដល់ ៧សាខា និងវិស័យអចនលទ្រព្យ៕