ស្ពានអាកាសភ្លោះ សាងសង់ដោយក្រុមហ៊ុន លោកអ្នកឧកញ៉ា ពុង ឃាវសែ ជាង១៦លានដុល្លារ បើកកាដ្ឋានសាងសង់ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

ស្ពានអាកាសភ្លោះ សាងសង់ឡើងដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ពានអាកាសភ្លោះនេះ គ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឹងម៉ាត់ក្នងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន។

គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។

ជាមួយគ្នានោះ ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស។

ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានហើយនោះ គម្រោងស្ពានអាកាសភ្លោះនេះ ក៏នៅមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុងគម្រោងរួមមានការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរ, ការលាបគំនូសចរាចរ,ការរៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំដើមឈើ-ដើមផ្កាលម្អ និង ការរៀបចំរចនាជាសួនច្បារបៃតង មានគម្លាត ៩ម៉ែត្រ រវាងប្រឡោះស្ពានទី១ និងស្ពានទី២បន្ថែមទៀត។

សូមជម្រាបជូនថា បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៨ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់រួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» ,ស្ពានអាកាសរង្វង់មូលចោមចៅ ,ស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥ និងស្ពានអាកាសមរតកតេជោ៕