នាយករដ្ឋវៀតណាម លោក Pham Minh Chinh បានអំពាវនាវឲ្យក្រុមហ៊ុនរបស់រដ្ឋទាំងអស់ ពិចារណាលើការជួលជនបរទេស ដែលមានសមត្ថភាព ដើម្បីមកគ្រប់គ្រងក្រុមហ៊ុន និងបង្កើនការអភិវឌ្ឍធនធានមនុស្សបន្ថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា អំឡុងពេលជួបប្រជុំជាមួយប្រធានក្រុមហ៊ុនរបស់រដ្ឋ ចំនួន ១៥០រូប មេដឹកនាំវៀតណាមបាននិយាយថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកូនសោសំខាន់បំផុត ក្នុងគម្រោងការអភិវឌ្ឍនៃប្រទេសវៀតណាម។
ទន្ទឹមនឹងនោះ លោក Pham Minh Chinh ក៏បានជំរុញឱ្យសហគ្រាសរដ្ឋ កែសម្រួលប្រាក់បៀវត្សរ៍ និងគោលនយោបាយប្រាក់បៀវត្សរ៍ ដើម្បីទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ខណៈដែលអាជីវកម្មភាគច្រើនដែលគ្រប់គ្រងក្នុងស្រុកបង្ហាញពីសមត្ថភាពមានកម្រិត និងប្រសិទ្ធភាពអាជីវកម្មទាប។
សូមជម្រាបដែរថា សហគ្រាសរដ្ឋ គឺបានជួយដល់ការអភិវឌ្ឍនៃប្រទេសវៀតណាមជាខ្លាំង ពោលកាលពីឆ្នាំទៅ ប្រាក់ចំណូលបានមកពីសហគ្រាសរដ្ឋទាំងអស់ គឺសម្រេចបានរហូតដល់ ៦៧ពាន់លានដុល្លារឯណោះ៕