សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន រាជធានីភ្នំពេញមាន ម៉ូតូ រថយន្ត ធ្វើដំណើរប្រមាណជាង២លានគ្រឿង

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ និងស្នាក់នៅបម្រើការងារបានកើនជាង៣លាននាក់ ខណៈម៉ូតូ រថយន្តកើនដល់ជាង២លានគ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី បានថ្លែងថា «បើនិយាយអំពីរាជធានីភ្នំពេញពីការវិវឌ្ឍន៍ យើងឃើញថាក្នុងរយៈពេលប៉ុន្មានទសវត្សនេះ រីកទាំងបរិមាណ និងគុណភាព។ដោយបរិមាណសំដៅទៅលើចំនួនផ្ទៃដីរបស់រាជធានីភ្នំពេញបានកើនពី៣០០គីឡូម៉ែត្រការ៉េ ទៅជាង៦៩ម៉ឺន ជិត៧០ម៉ឺនគីឡូម៉ែត្រការ៉េ»។

សម្តេចធិបតី បន្តថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅ និងស្នាក់នៅបម្រើការងារនៅរាជធានីភ្នំពេញបានកើនជាង៣លាននាក់។លើសពីនេះ មធ្យោបាយធ្វើដំណើរ ម៉ូតូ រថយន្ត មានការកើនឡើងដល់ប្រមាណជាង២លានគ្រឿង។

បើតាមសម្តេចធិបតី ទៅមុខទៀតនឹងបន្តកើនឡើងទៀត។ហើយសម្តេចធិបតីក៏មិនអាចឱ្យអ្នកភ្នំពេញឈប់ទិញឡាន ទិញម៉ូតូនោះដែរ គឺមានតែលើកទឹកចិត្ត ដើម្បីបន្ថែមមធ្យោបាយឱ្យបងប្អូន រដ្ឋមានតែខិតខំដោះស្រាយនូវបញ្ហាកកស្ទះ កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម។

សូមជម្រាបជូនផងដែរថា ពាក់ព័ន្ធនឹងការកកស្ទះនៅរាជធានីភ្នំពេញនេះដែរ បើតាមសម្តេចធិបតី ក៏បានបញ្ជាក់ថា ការដោះស្រាយហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្លូវថ្នល់ ពិសេសប្រព័ន្ធដឹកជញ្ជូនសាធារណៈក្រោមដី គឺកិច្ចការសំខាន់ដែលត្រូវរួមគ្នាគិតគួរឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការកកស្ទះ ស្របពេលដែលកំណើនពលរដ្ឋនៅភ្នំពេញ។ហេតុនេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងសម្រួលដល់ការស់នៅរបស់ពលរដ្ឋនៅទីក្រុងភ្នំពេញ កាន់តែងាយស្រួល និងសំបូរបែប គឺក្រៅពីគិតប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅលើដីហើយនោះ ក៏ត្រូវរួមគ្នាគិតទៅដល់ប្រព័ន្ធដឹកជញ្ជូនក្រោមដីឱ្យប្រទេសទំនើបបន្ថែមទៀតផងដែរ៕