ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “គ” ផ្នែកឯកជន បានដឹកកិច្ច ប្រជុំផ្នែកឯកជន ក្រុមងារងារ “គ/ទី៣” ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ចកម្មកម្ពុជា និងវត្តមានតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា, តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា, តំណាងសមាគមអ្នកផលិតម៉ាកសំគាល់ភូមិសាស្រ្ត ទំនិញអំបិលកំពត កែប, តំណាងសហគ្រាសធុនតូច និងមធ្យមផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺដើម្បីពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក៏ដូចជាទទួលយកសំណើរ សំណូមពរថ្មីៗបន្ថែមទៀត រួមមាន៖១. ការប្រកួតប្រជែងមិនស្មើភាពគ្នា ២. កង្វះខាតជំនាញ និងបច្ចេកទេស ៣. និតិវិធីស្នើសុំប័ណ្ណប៉ាតង់របស់សិប្បកម្មក្នុងស្រុក ៤. នឹងបញ្ហាផ្សេងៗទៀត ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលខាងមុខនេះ។
សូមជម្រាបជូនថា ក្នុងអាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ នូវសមាសភាពក្រុមការងារទាំង១៤ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកជន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ សម្រាប់ក្រុម “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” គឺមានលោកឧកញ៉ា តែ តាំងប៉ ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៤នាក់ផ្សេងទៀត៕