ភ្នំពេញបច្ចុប្បន្ននេះ មានស្ពានអាកាសចំនួន៩ហើយ បាននិងកំពុងលេចរូបរាងឡើង ដោយនៅក្នុងនោះ ចំនួន៨ ជាស្ពានអាកាសសាងសង់ឡើងដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ។
នៅថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ សូមណែនាំឱ្យស្គាល់ស្ពានអាកាសចំនួន៩ ដែលនៅក្នុងនោះ មាន៨ សាងសង់ដោយក្រុមហ៊ុនលោកអ្នកឧកញ៉ា មួយរូប គឺលោកអ្នកឧកញ៉ា ពុងឃាវសែ ខណៈដែលស្ពានអាកាសមួយទៀតសាងសង់ដោយគម្រោងហិរញ្ញប្បទាន របស់សាធារណរដ្ឋប្រជាមានិតចិន ។ ស្ពានអាកាសទាំង៩នោះរួមមាន៖
១.ស្ពានអាកាសក្បាលថ្នល់៖ ជាស្ពានអាកាសដំបូងគេ នៅភ្នំពេញ និងនៅប្រទេសកម្ពុជា ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ មានបណ្ដោយ ៣០៨ ម៉ែត្រ ទទឹង ១៤,២ ម៉ែត្រ សាងសង់ដោយក្រុមហ៊ុន OCIC លោកអ្នកឧកញ៉ា ពុង ឃាវសែ ចំណាយថវិកាអស់ ៦,៤លានដុល្លារ។
២.ស្ពានអាកាស ៧មករា៖ ស្ពានអាកាសទី២នេះ មានបណ្តោយប្រវែង ៣៤៥ ម៉ែត្រ ទទឹង ១៥,២០ ម៉ែត្រ លើមហាវិថីសហព័ន្ធរុស្ស៊ី និងមានខ្នែងជាដៃស្ពាន ទៅមហាវិថីកម្ពុជាក្រោម មានប្រវែង ១៦០ ម៉ែត្រ និងទទឹង ៦,៥ ម៉ែត្រ។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន OCIC ចំណាយថវិកា ជាង ៨,៧ លានដុល្លារ ជាថវិកាជួលដី នៅតំបន់កោះពេជ្រ បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២។
៣.ស្ពានអាកាសស្ទឹងមានជ័យ៖ ស្ពាននេះ សម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤មានប្រវែងសរុប ១.១៣៤ ម៉ែត្រ និងផ្លូវវាងក្រោមដី ប្រវែង ៤៨៧ ម៉ែត្រ ទទឹងជាង ៦ ម៉ែត្រ។ ស្ពានអាកាសស្ទឹងមានជ័យ ជាស្ពានអាកាសទី៣ នៅភ្នំពេញ ចំណាយ ១៨,៩ លានដុល្លារអាមេរិក ដោយប្រើប្រាស់កញ្ចប់ថវិកាដែលបានមកពីការវិនិយោគតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។
៤.ស្ពានអាកាសទី៤ តិចណូ ឬ ស្ពានអាកាស ៥មករា៖ ជាស្ពានអាកាសស្របនឹងមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចំណាយថវិកាជាង ១៤,៥ លានដុល្លារអាមេរិក ដែលបានមកពីគម្រោងវិនិយោគកោះពេជ្ររបស់ក្រុមហ៊ុន OCIC។ ស្ពានអាកាសតិចណូនេះ មានទាំងផ្លូវក្រោមដី នៅប្រសព្វមហាវិថី គីម អ៊ីលស៊ុង និងមហាវិធីម៉ៅសេទុង និងបានសម្ពោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។
៥.ស្ពានអាកាសផ្សារដីហ៊ុយ ៖ ស្ពាននេះមានប្រវែង៩៤២ម៉ែត្របណ្តោយ ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្បទាន របស់សាធារណរដ្ឋប្រជាមានិតចិននិងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ រួមនិងការត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ស្ពាននេះសាងសង់ដោយចំណាយថវិការអស់ ១៧លានដុល្លារ។
៦.ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ៖ ផ្លូវក្រោមដីនេះជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ស្ពានអាកាសមួយនេះ សាងសង់ឡើងដោយក្រុមហ៊ុន OCIC ចំណាយថវិកាជាង២២លានដុល្លារ។
៧.ស្ពានអាកាសឫស្សីកែវ៖ ស្ពាននេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ មានទទឹង ១៥.៨ម៉ែត្រ។ ស្ពានអាកាសឫស្សីកែវ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ចំណាយថវិកាជិត ១០លានដុល្លារ ប្រើរយៈពេលប្រមាណ ១៥ខែ។
៨. ស្ពានអាកាសមរតកតេជោ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ (៣៦.៧៧៥.០០០ដុល្លាអាមេរិក)និងចំណាយពេលវេលាសាងសង់ ៣៦ខែ។
៩. ស្ពានអាកាសភ្លោះ៖ ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ស្ពានអាកាសនេះ បើកការដ្ឋានសាងសង់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៕