ម៉ាក់អ៊ីអ៊ី សម្ពោធផលិតកម្មថ្មី «Mak EE Production» និងបើកឱកាសឱ្យតារាចម្រៀងមានជីវភាពក្រីក្រ អាចចូលរួមបាន

អាជីវកម្ម

លោកជំទាវ លី ញូវរី អគ្គនាយិកាក្រុមហ៊ុន EEw9 បានបើកសម្ពោធជាផ្លូវការផលិតកម្មថ្មី «Mak EE Production» និង​សម្ពោធផលិតផលធម្មជាតិ ម៉ាស់សារ៉ាយសមុទ្រ កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN&MOON ផ្សារកណ្ដាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលិតកម្ម «Mak EE Production» ជាផលិតកម្មថ្មីមួយ ដែលបានបង្កើតឡើងដោយកូនខ្មែរ។ លោកជំទាវ អគ្គនាយិកា បានឱ្យដឹងថា មូលហេតុដែលលោកជំទាវ បង្កើតនូវផលិតកម្មនេះឡើង គឺក្រោមហេតុផលបីយ៉ាងធំៗ​គឺ៖ ៖១, ជាក្ដីស្រឡាញ់ និងជាក្ដីស្រមៃរបស់លោកជំទាវផ្ទាល់។ ២, ចង់គាំទ្រតារាសិល្បៈរាមច្បង ជើងចាស់ ដែលបានបាត់សំឡេងជាយូរនៅក្នុងសិល្បៈ និងចង់ស្ដាប់សំឡេងតារាជើងចាស់ឡើងវិញ។ ៣, បើកផលិត​កម្ម​សម្រាប់ក្មេងៗជំនាន់ក្រោយ អ្នកដែលមានសមត្ថភាព មានសំឡេងពីរោះ ប៉ុន្ដែមានជីវភាពក្រីក្រ អាចចូល​ខ្លួនរួម​ដំណើរជាមួយផលិតកម្ម ម៉ាក់អ៊ីអ៊ី ប្រូដាកសិន បាន។

លោកជំទាវ អគ្គនាយិកា បានបន្ដថា នៅពេលចាប់ផ្ដើមដំបូងនៃផលិតកម្មនេះ Mak EE Production និងមានវត្ដមានចូលរួមពីតារាចម្រៀងជើងចាស់ជាច្រើនដួង ដូចជា មានលោកគ្រូ ណយ វ៉ានណេត, លោកគ្រូ ហួល ឡាវី, លោកស្រី ហ៊ឹម ស៊ីវន ព្រមទាំងតារាងចាស់ថ្មី ជាច្រើនរូបទៀត ជាពិសេស តារាវ័យ៧៣ឆ្នាំ គឺលោក​ឪពុករបស់ម៉ាក់អ៊ីអ៊ីផ្ទាល់ ក៏នឹងចូលខ្លួនមកច្រៀងនៅក្នុងផលិតកម្មនេះផងដែរ។

ជាមួយគ្នានោះ លោកជំទាវ លី ញូវរី ហៅម៉ាក់អ៊ីអ៊ី បានបន្ថែមថា ថ្វីត្បិតតែផលិតកម្មនេះ បង្កើតឡើងបានច្របាច់បញ្ចូលទាំងតារា​ជើង​ចាស់ និងតារាដួងថ្មី ប៉ុន្ដែនឹងមិនមានអ្វីជាបញ្ហាប្រឈមនោះទេ អាចទៅមុខរួមគ្នាដោយរលូន ព្រោះថា ទោះបី​ជាពួកគាត់ជាតារាជើងថ្មីមែន ប៉ុន្ដែទទួលបានការបណ្ដុះបណ្ដាលច្រើនពីលោកឧកញ៉ា យឹម តាស្រង់ ម្យ៉ាងទៀត​អ្នកនិពន្ធប្រចាំផលិតកម្ម សុទ្ធសឹងតែមានសមត្ថភាព អាចនិពន្ធបានទាំងបទសម័យ និងបទបុរាណ។

សូមជម្រាបជូនថា EEw9 គឺជាក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទពីប្រទេសកូរ៉េ ដែលបាន​ប្រកាស​បើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយ៉ាងឱឡារឹក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ នៅ​សណ្ឋាគារសូហ្វីតែល។ ក្រៅពីការនាំចូល និងផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់ពីប្រទេសកូរ៉េ មកលក់នៅ​កម្ពុជា​ហើយនោះ ក្រុមហ៊ុន EEw9 ក៏មានផ្ដល់សេវាកម្មរៀបចំកសាងប្រេនផលិតផលថែរក្សាសម្រស់ជូនអតិថិជន និងដៃគូរសហការផងដែរ៕