រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានធ្វើការបញ្ជាក់ច្បាស់ថា កម្ចី ៥០ពាន់លានដុល្លារ ដែលក្រុម G7 បានផ្ដល់ជូនប្រទេសអ៊ុយក្រែន គឺជារឿងស្របច្បាប់ និងជាការបង្ហាញពីឆន្ទៈជួយដល់សម្ព័ន្ធមិត្ត មិនមែនជាការលួចទ្រព្យសម្បត្តិដូចរុស្ស៊ីចោទប្រកាន់ឡើយ។
យោងតាមការចុះផ្សាយពីគេហទំព័រ The Hill បានបង្ហាញថា សមាជិកក្រុម G7 បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានយល់ព្រមផ្ដល់កម្ចី ៥០ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ដោយទឹកប្រាក់ទាំងនោះ នឹងត្រូវទទួលបានពីការប្រាក់ នៃការបង្កកទ្រព្យសម្បត្តិដែលរឹបអូសពីប្រទេសរុស្ស៊ី។
គួររំលឹកបន្តិចថា សមាជិកក្រុម G7 បានរឹបអូស និងបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី សរុបជាទឹកប្រាក់ប្រហែល ២៨០ពាន់លានដុល្លារ ហើយក្នុងមួយឆ្នាំៗ ការប្រាក់បានពីការបង្កកទ្រព្យសម្បត្តិទាំងនោះ ទទួលបានចន្លោះពី ២,៦ ទៅ ៣,៦ពាន់លានដុល្លារ។
ក្រោយដំណឹងមួយនេះ ត្រូវបានប្រកាសជាសាធារណៈ ប្រទេសរុស្ស៊ីបានចេញមុខថ្កោលទោសក្រុម G7 និងបានចោទពួកគេថា កម្ចីទាំងនោះគឺបានមកពីកម្លាំងញើសឈាមរបស់ជនជាតិរុស្ស៊ី ហើយវាមិនខុសអីទង្វើលួចប្លន់ឡើយ៕