សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា«ឧកញ៉ា»។
សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា សមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្នោ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្តាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាល២នាក់។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅដើម្បីបន្តនីតិវិធី។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានជនសង្ស័យឈ្មោះ ស្រី ស៊ីណា គឺមានគោរមងារជា“ឧកញ៉ា”។
សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ ស្របតាម មាត្រា១៩, មាត្រា២២, និង មាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។